អន្តរជាតិ

ជំនន់ទឹកភ្លៀងផ្តើមជន់លិចលើដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងបាងកក ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតដល់ចុងសប្តាហ៍នេះ

BY
Pheakdey
September 13, 2022

ថៃ៖ គិតត្រឹមល្ងាចម៉ោង ៥ នៃថ្ងៃចន្ទ ទី១២ ខែកញ្ញាម្សិលម្សិលមិញនេះជំនន់ទឹកភ្លៀងលិចចូលលើដងផ្លូវសំខាន់ៗចំនួននៅក្នុងទីក្រុងបាងកកហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ទឹកដែលបានជន់លិចលើដងផ្លូវក្នុងទីក្រុងបាងកកកនោះគឺមានកម្រិតកម្ពស់ផ្សេងៗគ្នា ដូចជានៅលើដងផ្លូវ Din Daeng និង ផ្លូវSri Ayutthaya ទឹកមានកម្ពស់រហូតដល់ ២៤សង់ទីម៉ែត្រ ផ្លូវ Thesaban Songkhro និង ផ្លូវ Sena Nikhom ទឹកមានកម្ពស់ ១៨សង់ទីម៉ែត្រ នៅលើដងផ្លូវ Ratchada-Lat Phrao​ ផ្លូវBanthat ផ្លូវPradiphat 2 ផ្លូវ Inthamara 53 និង ផ្លូវ Sailom គឺទឹកមានកម្ពស់ចន្លោះពី ១៥-១៦ សង់ទីម៉ែត្រ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការជន់លិចលើដងផ្លូវសំខាន់ៗខាងលើនេះហើយជំនន់ទឹកភ្លៀងក៏បានជន់លិចលើដងផ្លូវតូចៗមួយចំនួនទៀតផងដែរ ដោយកម្រិតកម្ពស់ទឹកមានក្នុងចន្លោះពី ១១-១៤ សង់ទីម៉ែត្រ ខណៈផ្លូវខ្លះទឹកមានកម្ពស់ត្រឹម ៣-៤សង់ទីម៉ែត្រប៉ុណ្ណោះ។ យ៉ាងណាក្តី សាលាក្រុងបាងកកបានជូនដំណឹងឲ្យពលរដ្ឋត្រូវចេះប្រុងប្រយ័ត្ននិងត្រៀមការពារខ្លួនពីជំនន់ទឹកភ្លៀងនេះក្នុងរយៈពេលច្រើនថ្ងៃបន្ថែមទៀត ដ្បិតយោងតាមការព្យាករណ៍របស់មន្ទីរឧតុនិយមថៃបានបង្ហាញថា ភ្លៀងនឹងបន្តធ្លាក់ក្នុងទីក្រុងបាងកកក្នុងបរិមាណដ៏ច្រើនបន្ថែមទៀតចាប់ពីថ្ងៃនេះរហូត​ដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះផងដែរ។ យ៉ាងណាក្តី ជំនន់ទឹកភ្លៀងខាងលើនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់អ្វីមួយធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ គ្រាន់តែវាបានបង្កការលំបាកក្នុងការធ្វើដំណើរកម្រិតស្រាលប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖​ បាងកកប៉ុស្តិ៍

Share This Post: