អន្តរជាតិ

លោក ពូទីន និងលោក ស៊ី ជិនពីង នឹងជួបគ្នានៅស្អែកនេះដើម្បីពិភាក្សាអំពីបញ្ហានៅអ៊ុយក្រែននិងកោះតៃវ៉ាន់

BY
Pheakdey
September 14, 2022

រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធីបតីនៃប្រទេសចិន ស៊ី ជិនពីង នឹងមានកិច្ចប្រជុំរួមគ្នាមួយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់ប​ណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ។ ជំនួបរវាងមេដឹកនាំកំពូលទាំង ២រូបនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ហើយជំនួបដ៏ពិសេសនេះត្រូវបានរៀបចំឡើងក្នុងដំណើរទស្សនកិច្ចចេញក្រៅប្រទេសរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ជាលើកដំបូងផងដែរ បើគិតចាប់តាំងពីមានការរាតត្បាតដោយជំងឺកូវីដ-១៩ មក។

បើតាមលោក Yuri Ushakov ដែលជាជំនួយការរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសន្និសីទសង្ខេបមួយនៅទីក្រុងមូស្គូថា ប្រធានបទដែលមេដឹកនាំកំពូងទាំង ២រូបនេះនឹងពិភាក្សាគ្នាមានដូចជា របៀបវារៈទ្វេភាគី ប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសនោះគឺបញ្ហានៅក្នុងប្រទេសអ៊ុយក្រែននិងបញ្ហានៅកោះតៃវ៉ាន់ផងដែរ។ សូមបញ្ជាក់ជូនថា ចិននិងរុស្ស៊ីគឺជាសម្ព័ន្ធមិត្តយ៉ាងស៊ីជម្រៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយទោះបីនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះរុស្ស៊ីនៅតែបន្តលក់ហ្គាសទៅឲ្យប្រទេសចិនក្នុងបរិមាណដ៏ច្រើន ខណៈចិននៅតែបន្តគាំទ្ររុស្ស៊ីជុំវិញករណីបើកប្រតិបត្តិការយោធានៅលើទឹកដីអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: