អន្តរជាតិ

សិង្ហបុរីរកឃើញករណីក្មេងស្រីអាយុ ៣ឆ្នាំម្នាក់បាត់បង់ជីវិតដោយកូវីដ-១៩ ដែលជាករណីកម្រមួយចាប់តាំងពីកូវីដផ្តើមរាតត្បាតមក

BY
Pheakdey
September 15, 2022

សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីការរកឃើញករណីមានក្មេងស្រីអាយុ ៣ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញាម្សិលមិញនេះ។ ការស្លាប់របស់ក្មេងស្រីរូបនេះត្រូវបានគេចាត់ទុកថា ជាករណីកម្របំផុតមួយរាប់ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ចាប់ផ្តើមរាតត្បាតមក ហើយវាក៏ជាករណីទី ៣សម្រាប់សិង្ហបុរីផងដែរក្នុងការកត់ត្រាមានជនរងគ្រោះអាយុក្រោម ១២ឆ្នាំបានស្លាប់ដោយសារតែជំងឺកូវីដ-១៩។

បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះរូបនេះបានតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងទៅ ហើយភ្លាមៗក្រោយធ្វើតេស្តគេមិនបានបញ្ជូននាងទៅមន្ទីរពេទ្យនោះទេដោយគិតថា ចង់ជ្រើសរើសយកការព្យាបាលនៅតាមផ្ទះដោយខ្លួនឯង។ យ៉ាងណាក្តី នៅពេលមើលឃើញពីស្ថានភាពជំងឺរបស់នាងហាក់មានសភាពធ្ងន់ធ្ងរ ខាងគ្រួសាររបស់នាងក៏បានបញ្ជូននាងទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងនៅថ្ងៃទី ១៣ ខែកក្កដា។ បើទោះជាបានបញ្ជូនទៅដល់មន្ទីរហើយក៏ដោយ តែសុខភាពរបស់អ្នកជំងឺមិនអាចត្រលប់មកដូចធម្មតាវិញឡើយ ហើយនៅទីបំផុតក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអង្គារ ទី១៣ កន្លងទៅនេះ។ មុនពេលស្លាប់ខាងគ្រូពេទ្យបានរកឃើញថា ខួរក្បាលរបស់ក្មេងស្រីរងគ្រោះបានរងនូវការបំផ្លាញយ៉ាងខ្លាំង ដ្បិតខួរក្បាលរបស់នាងត្រូវខ្វះនូវអ៊ុកស៊ីសែនក្នុងបរិមាណយ៉ាងច្រើន៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: