អន្តរជាតិ

អ្នកជំនាញអាមេរិកព្រមានថា ជំងឺអ៊ុតស្វា Monkeypox អាចបំប្លែងខ្លួនដើម្បីទប់ទល់ជាមួយនឹងថ្នាំបាន

BY
Pheakdey
September 16, 2022

អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មេរោគនៃជំងឺអ៊ុតស្វា Monkeypox អាចធ្វើការបំប្លែងខ្លួននិងបង្កើតភាពស៊ាំដើម្បីទប់ទល់ជាមួយនឹងថ្នាំបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១៦ ខែកញ្ញានេះ។ សេចក្តីព្រមានមន្ត្រីសុខាភិបាលអាមេរិកនេះនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយគេបានដាក់ឲ្យប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺអ៊ុតស្វា Monkeypox មួយប្រភេទឈ្មោះថា TPOXX ខណៈក្នុងការប្រើប្រាស់ថ្នាំលេបប្រភេទនេះគឺអ្នកជំងឺតម្រូវឲ្យលេបថ្នាំនេះតែមួយមុខគត់ ដោយមិនមានបន្ថែមនូវថ្នាំអ្វីផ្សេងទៀតនោះទេ។

បើតាមអ្នកជំនាញអាមេរិកបានពន្យល់ថា ការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគនៃជំងឺអ៊ុតស្វា Monkeypox  តែមួយមុខគត់ដូចនេះអាចនឹងធ្វើឲ្យមេរោគងាយស៊ាំទៅនឹងសារធាតុប្រឆាំងនៅក្នុងថ្នាំពេទ្យ ហើយពេលនោះមេរោគនឹងផ្តើមធ្វើការបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីមួយទៀត ខណៈមេរោគនឹងមានសមត្ថភាពខ្ពស់អាចយកឈ្នះលើថ្នាំបាន ពោលគឺថ្នាំលេបនឹងលែងមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគទៀតហើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះថ្នាំលេប TPOXX ត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងចំណោមអ្នកជំងឺរាប់ពាន់នាក់រួចហើយនៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: