អន្តរជាតិ

អាមេរិកដាក់បង្ហាញម៉ូតូហោះមួយប្រភេទដែលមានលក្ខណៈដូចគ្នាទៅនឹងម៉ូតូហោះនៅក្នុងរឿង “Star Wars”

BY
Pheakdey
September 16, 2022

អាមេរិក៖ ម៉ូតូដែលអាចហោះបាននៅលើអាកាសមួយប្រភេទបានបង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្ត Detroit Auto Show ក្នុងទីក្រុងឌីត្រយ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញាម្សិលមិញនេះ ខណៈម៉ូតូដ៏ទំនើបនេះត្រូវបានគេមើលឃើញថា មានលក្ខណៈដូចគ្នាទៅនឹងម៉ូតូហោះដែលគេបានប្រើប្រាស់នៅក្នុងខ្សែភាពយន្តរឿង “Star Wars”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ម៉ូតូហោះនេះជាម៉ូតូហោះប្រភេទ XTURISMO  ត្រូវបានផលិតឡើយដោយក្រុមហ៊ុន Aerwins Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសជប៉ុន។

ប្រភពខាងលើបានបន្តថា ម៉ូតូហោះប្រភេទ XTURISMO មានសមត្ថភាពអាចហោះបានក្នុងរយៈពេល ៤០នាទី និងអាចបើកបរបានក្នុងល្បឿនរហូត​ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមលោក Thad Szott ដែលជាប្រធានរៀបចំកម្មវិធីពិព័រណ៍រថយន្ត Detroit Auto Show បានឲ្យដឹងថា ពេលគាត់ឃើញម៉ូតូហោះ XTURISMO ភ្លាម គាត់មានអារម្មណ៍ថាវាហាក់ដូចជារបស់ក្មេងលេងដែលគាត់ធ្លាប់លេងកាលពីអាយុ ១៥ឆ្នាំអីចឹង តែពេលនេះវាមិនមែនជារបស់លេងទៀតទេ ពោលវាគឺជារបស់ពិតដែលមនុស្សគ្រប់រូបអាចប្រើប្រាស់វាបាន។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺម៉ូតូហោះ XTURISMO អាចនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: