គ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័របានកើតឡើងនៅមិចស៊ិកូ និងបានធ្វើឲ្យពលរដ្ឋម្នាក់បាត់បង់ជីវិត
- BY
- Pheakdey
- September 20, 2022
មិចស៊ីកូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងប្រទេសមិចស៊ីកូកាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញាកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមិចស៊ីកូបានបញ្ជាក់ថា គ្រោះរញ្ជួយដីមួយនេះបានកើតឡើងក្នុងកម្រិត ៧,៤ រ៉ិចទ័រ និងបង្កឲ្យមានការរញ្ជួយដីក្នុងជម្រៅ ១៥គីឡូម៉ែត្រចុះទៅក្រោម ខណៈបើយោងតាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិកបានរកឃើញថា គ្រោះរញ្ជួយដីខាងលើនេះបានកើតក្នុងកម្រិតរហូតដល់ ៧,៦ រ៉ិចទ័រឯណោះ។

របាយការណ៍បឋមដែលអាជ្ញាធរមិចស៊ីកូអាចទទួលបានពីគ្រោះធម្មជាតិមួយនេះ គឺគិតត្រឹមពេលនេះមានជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈស្ថានភាពអ្នករងរបួសនិងការខូចខាតវិញ ហាក់ពុំមានអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរកត់សម្គាល់ថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងនៅចំថ្ងៃខួប ដែលប្រទេសមិចស៊ីកូធ្លាប់ជួបប្រទះនូវគ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតចំនួន ២នាពេលកន្លងមក ពោលគឺនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ១៩៨៥ មិចស៊ីកូធ្លាប់ជួបប្រទះគ្រោះរញ្ជួយដីម្តងក្នុងកម្រិង ៨,១ រ៉ិចទ័រ និងបានផ្តាច់យកជីវិតពលរដ្ឋប្រមាណជា ១០,០០០នាក់។ ក្រោយមកនៅក្នុងថ្ងៃទី ១៩ ខែកញ្ញា ២០១៧ មិចស៊ីកូបានជួបប្រទះគ្រោះរញ្ជួយដីមួយផ្សេងទៀតដែលបានកើតឡើងក្នុងកម្រិត ៧,១ រ៉ិចទ័រ និងបានស្លាប់មនុស្សចំនួន ៣៧០នាក់ផងដែរ៕

![]()
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






