អន្តរជាតិ

Blackpink និងកវីជនជាតិអាមេរិក ថ្លែងសុន្ទរកថាក្នុងវេទិការបស់ UN ព្រោះហេតុផលដ៏គួរឱ្យគោរពមួយនេះ

BY
Pheakdey
September 20, 2022

(អាមេរិក)៖ ក្រុមតារាចម្រៀងស្រីដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុម Blackpink និងកវីនិពន្ធផ្នែកកំណាព្យដ៏ល្បីល្បាញជនជាតិអាមេរិកម្នាក់គឺអ្នកនាង Amanda Gorman  បានចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់ចំពោះសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងគោលដៅសកលមួយចំនួនទៀតដូចជា ការសម្រេចឲ្យបាននូវសមភាពយេនឌ័រ ការបញ្ចប់ភាពអន់ឃ្លាន និងភាពក្រីក្រនៅលើពិភពលោកជាដើម។

អ្នកនាង Amanda Gorman

ដោយកាលពីថ្ងៃទី១៩ ខែកញ្ញាម្សិលមិញនេះ អ្នកនាង Amanda Gorman បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ថា៖ «ខ្ញុំគ្រាន់តែសុំឱ្យអ្នកយកចិត្តទុកដាក់មុនពេលវាយឺតពេល សូមអ្នកដឹងខ្លួននិងភ្ញាក់ខ្លួនថាអ្នកត្រូវតែដឹកនាំដោយសេចក្ដីស្រឡាញ់ទោះជានៅក្នុងពេលវេលាដែលពោរពេញដោយការស្អប់ក៏ដោយ។ ខ្ញុំស្នើឱ្យអ្នកធ្វើតាមការអំពាវនេះ ខ្ញុំហ៊ានឱ្យអ្នកកំណត់ជោគវាសនារបស់យើង។ សំខាន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ហ៊ាន​ឲ្យ​អ្នក​ធ្វើ​អំពើ​ល្អ ដើម្បី​ឲ្យ​ពិភពលោក​អស្ចារ្យ»។ ដោយឡែកសម្រាប់ក្រុមតារាចម្រៀងស្រីទាំង ៤រូបវិញបានថ្លែងតាមវីដេអូថា «យើងត្រូវតែចាប់យកឱកាសនេះ ហើយចាត់វិធានការដើម្បីបង្កើតពិភពលោកមួយដែលមាននិរន្តរភាពជាងមុន ហើយកុំទុកនរណាម្នាក់ចោលឲ្យសោះ»។ គួរបញ្ជាក់ជូនថា ការជ្រើសរើសយកបុគ្គលដែលមានឥទ្ធិពលក្នុងចំណោមមហាជនទៅផ្សព្វផ្សាយធ្វើអំពើល្អត្រូវបានគេមើលឃើញថា ជាយន្តការដ៏មានប្រសិទ្ធភាពខ្ពស់មួយ ដ្បិតពួកគេអាចទាក់ទាញអ្នកគាំទ្ររាប់លាននាក់ឲ្យធ្វើតាមការអំពាវនាវរបស់ពួកគេដើម្បីជួយមនុស្សជាតិនិងពិភពលោកទាំងមូល៕

ក្រុម Blackpink

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: