ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ាគីស្ថានកំពុងប្រឈមនឹងការរាតត្បាតជំងឺឆ្លងក្នុងកម្រិតមិនអាចគ្រប់គ្រងបាន ខណៈតួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់កើនដល់ជាង ១,៥០០នាក់

    BY Pheakdey September 21, 2022
    ប៉ាគីស្ថានកំពុងប្រឈមនឹងការរាតត្បាតជំងឺឆ្លងក្នុងកម្រិតមិនអាចគ្រប់គ្រងបាន ខណៈតួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់កើនដល់ជាង ១,៥០០នាក់

    ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Times នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋប៉ាគីស្ថានចំនួន ៩នាក់បន្ថែមទៀតបានស្លាប់ដោយទឹកជំនន់កាលពីម្សិលមិញ និងបានធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតដោយទឹកកជំនន់សរុបគិតត្រឹមពេលនេះគឺមានចំនួនរហូតដល់ ១,៥៥៩នាក់។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានកូនក្មេងចំនួន ៥៥១នាក់ និងមនុស្សស្រី ៣១៨នាក់ផងដែរ។

    ប្រភពខាងលើបានបន្តទៀតថា នៅពេលនេះអាជ្ញាធរប៉ាគីស្ថានកំពុងប្រឈមនឹងបញ្ហាថ្មីមួយបន្ថែមទៀតពីលើបញ្ហាទឹកជំនន់ដែលមិនទាន់ដោះស្រាយរួចផង ដោយបញ្ហាថ្មីនោះគឺជាការរាតត្បាតនៃជំងឺឆ្លងក្នុងចំណោមពលរដ្ឋ ជាពិសេសនៅក្នុងចំណោមពលរដ្ឋដែលកំពុងជម្លៀសខ្លួនពីទឹកជំនន់តែម្តង។​ នៅចំពោះមុខបញ្ហាថ្មីនេះអាជ្ញាធរប៉ាគីស្ថានបានទាញសញ្ញាព្រមានថា ការរាតត្បាតជំងឺឆ្លងគឺអាចនឹងកើតមានក្នុងកម្រិតដ៏អាក្រក់មួយ ពោលគឺកម្រិតដែលអាជ្ញាធរមិនអាចគ្រប់គ្រងបាន។ សូមបញ្ជាក់ជូនថា ទឹកជំនន់ដ៏ធំមិនធ្លាប់មានបានគំរាមគំហែងតំបន់ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានអស់រយៈពេលជាង ១ខែមកហើយ ខណៈឥទ្ធិពលនៃទឹកជំនន់បានបង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់ផ្សេងទៀត និងបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈមានតម្លៃសរុបប្រមាណជា ៣០ពាន់លានដុល្លារផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

     

     

    Share This Post: