អន្តរជាតិ

ព្យុះទីហ្វុងណូរូបានឆក់យកជីវិតពលរដ្ឋហ្វីលីពីន ៦នាក់ ខណៈជាង ៧៤,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
September 27, 2022

ហ្វីលីពីន៖ ព្យុះទីហ្វុងណូរូបានឆក់យកជីវិតពលរដ្ឋហ្វីលីពីនអស់ចំនួន ៦នាក់ហើយ នេះបើយោងតាមតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនកាលថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។​ ក្រៅតែពីបានរកឃើញអ្នកស្លាប់ មានពលរដ្ឋហ្វីលីពីនចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ ខណៈ ៣-៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួនតែអាជ្ញាធរនៅមិនទាន់អាចកំណត់អត្តសញ្ញាណពួកគេបាននៅឡើយទេ។ ជាងនេះទៀតឥទ្ធិពលនៃខ្យល់ព្យុះណូរូក៏បានបង្ខំឲ្យពលរដ្ឋហ្វីលីពីនប្រមាណជា ៧៤,០០០នាក់ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្នសិនផងដែរ។

នៅក្នុងរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះគឺមាន ៥នាក់ជាក្រុមអ្នកជួយសង្គ្រោះជនរងគ្រោះ ហើយពួកគាត់បានស្លាប់ក្នុងអំឡុងពេលបំពេញបេសកកម្មជួយជនរងគ្រោះតែម្តង។ អាជ្ញាធរហ្វីលីពីនបានឲ្យដឹងផងដែរថា ព្យុះទីហ្វុងណូរូដែលបានបង្កឲ្យមានខ្យល់បោកបក់ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងជំនន់ទឹកភ្លៀងនោះក៏បានបំផ្លាញសម្បត្តិសាធារណៈនិងផលដំណាំរបស់ប្រជាកសិករអស់ជាច្រើនផងដែរ ខណៈបើគិតត្រឹមពេលនេះផលដំណាំដែលបានខូចខាតនោះមានទំហំជាទឹកប្រាក់ប្រមាណជា ១៤១ លានប៉េសូ (២,៤ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វុងណូរូបានផ្តើមវាយប្រហារតំបន់ Luzon ដែលជាតំបន់ប្រជុំកោះដ៏ច្រើនរបស់ហ្វីលីពីនតាំងតែពីថ្ងៃអាទិត្យ ទី២៥ ខែកញ្ញាម្លេះ ហើយគិតត្រឹមពេលនេះឥទ្ធិពលអាក្រក់របស់ព្យុះបានថយចុះច្រើនហើយ ខណៈប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទប​ញ្ចប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: