ឥទ្ធិពលព្យុះទីហ្វូងណូរូបង្ខំឲ្យពលរដ្ឋវៀតណាម ២៦០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាព
- BY
- Pheakdey
- September 28, 2022
វៀតណាម៖ នៅត្រឹមម៉ោង ៤ព្រឹកនៃថ្ងៃពុធ ទី២៨ ខែកញ្ញានេះ ព្យុះទីហ្វូងណូរូផ្តើមវាយប្រហារចូលដល់ដំបន់ភាគកណ្តាលនៃប្រទេសវៀតណាមហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ព្យុះបានបោកបក់ក្នុងល្បឿនចន្លោះពី ១០៣-១១៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលនៃខ្យល់ព្យុះបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ ចំពោះទីតាំងដែលជាកន្លែងរងនូវការវាយប្រហារខ្លាំងវិញគឺក្រុង Danang និងតំបន់ Quang Nam ខណៈអាជ្ញាធរវៀតណាមបានព្រមានរួចហើយថា ឥទ្ធិពលនៃព្យុះក៏អាចជំរុញឲ្យមានទឹកជំនន់និងការបាក់ស្រុតដីក្នុងកម្រិតដ៏គ្រោះថ្នាក់មួយផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា គិតត្រឹមពេលនេះអាជ្ញាធរបានដាក់ពង្រាយក្រុមទាហានចំនួន ៤០,០០០នាក់ កងជីវពលចំនួន ២០០,០០០នាក់ ត្រៀមទូក និងរថពាសដែកជាច្រើនគ្រឿង ដើម្បីត្រៀមជួយសង្គ្រោះនិងជម្លៀសប្រជាពលរដ្ឋ។ ជាលទ្ធផលក្នុងរយៈពេលត្រឹមតែមួយយប់នៃយប់ថ្ងៃអង្គារឆ្លងចូលថ្ងៃពុធនេះ អាជ្ញាធរបានជួយជម្លៀសប្រជាពលរដ្ឋបានចំនួនប្រមាណជា ២០០,០០០នាក់ ខណៈគិតត្រឹមពេលនេះមានពលរដ្ឋសរុបចំនួន ២៦០,០០០នាក់ហើយ ដែលបានធ្វើការជម្លៀសខ្លួនទៅស្នាក់នៅកន្លែងមានសុវត្ថិភាព ដើម្បីស្នាក់នៅជាបណ្តោះអាសន្នមួយរយៈសិន។ ចំពោះការខូចខាតវិញគឺគិតត្រឹមពេលនេះមានផ្ទះប្រមាណជា ៣០០ខ្នងត្រូវបានខ្យល់បោកបក់បំផ្លាញដំបូលអស់ ខណៈតំបន់មួយចំនួនត្រូវដាច់ភ្លើងអគ្គិសនី៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






