TikTok កំពុងរងពិន័យជាប្រាក់ជាង ២៨លានដុល្លារ ក្រោយខកខានមិនបានរក្សាឯកជនភាពរបស់ក្រុមអ្នកប្រើប្រាស់ជាកុមារនៅចក្រភពអង់គ្លេស
- BY
- Pheakdey
- September 28, 2022
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញានេះបានឲ្យដឹងថា TikTok កំពុងប្រឈមនឹងការពិន័យជាប្រាក់ចំនួន ២៧លានផោន (ជាង ២៨លានដុល្លាអាមេរិក) ក្រោយក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានខកខានក្នុងការរក្សាឯកជនភាពរបស់ក្រុមអ្នកប្រើប្រាស់ ដែលជាកុមារនៅក្នុងចក្រភពអង់គគ្លេស។ គិតត្រឹមពេលនេះការិយាល័យស្នងការព័ត៌មាននៃទីភ្នាក់ងារការពារទិន្នន័យរបស់ចក្រភពអង់គ្លេសបានបញ្ជូនលិខិតព្រមានផ្លូវការទៅកាន់ក្រុមហ៊ុន TikTok រួចហើយ ខណៈស្ថាប័នមួយនេះក៏កំពុងត្រៀមឯកសារតាមផ្លូវច្បាប់ជាច្រើនទៀតដើម្បីទាមទារសំណងពីក្រុមហ៊ុន TikTok ដោយផ្នែកទៅតាមច្បាប់នៅក្នុងចក្រភពអង់គ្លេសផងដែរ។

បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា នាពេលកន្លងមក TikTok ដែលជាកម្មវិធីដ៏មានប្រជាប្រិយភាពក្នុងទូរស័ព្ទនោះបានជំរុញឲ្យមានការចែករំលែកនូវព័ត៌មានឯកជនរបស់ក្រុមអ្នកប្រើប្រាស់ជាកុមារយ៉ាងទូលំទូលាយបំផុត ខណៈបើយោងទៅតាមច្បាប់នៅចក្រភពអង់គ្លេសបានកំណត់ថា រាល់ការចែករំលែកនូវព័ត៌មានប្រភេទនេះជាសាធារណៈត្រូវតែទទួលបានការអនុញ្ញាតពីសំណាក់អាណាព្យាបាលឬឪពុកម្តាយរបស់កុមារជាមុនសិន។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៩ ករណីដូចគ្នានេះក៏ធ្លាប់កើតមានម្តងដែរ ដោយពេលនោះក្រុមហ៊ុន TikTok បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៥,៧លានដុល្លារទៅកាន់អាជ្ញាធរអាមេរិក ក្រោមបទចោទប្រកាន់ថា TikTok បានរំលោភលើច្បាប់ឯកជនភាពលើអ៊ីនធឺណិតរបស់កុមារសហព័ន្ធនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






