អន្តរជាតិ

លោក ចូ បៃឌិន ចុះហត្ថលេខាទាំងកណ្តាលយប់ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយ ១២,៣ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន

BY
Pheakdey
October 1, 2022

អាមេរិក៖ សភាអាមេរិកកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញាម្សិលមិញនេះបានអនុម័តលើគម្រោងថវិកាសម្រាប់រយៈពេលខ្លីមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយនៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១២,៣ ​ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ក្រោយមានការអនុម័តពីស្ថាប័នរដ្ឋសភារួចហើយ លោកប្រធានាធិបតីអាមេរិកក៏បានចុះហត្ថលេខាដើម្បីអនុវត្តគម្រោងថវិកាខាងលើនេះភ្លាមៗផងដែរ ពោលគឺលោក ចូ បៃឌិន បានចុះហត្ថលេខាទាំងពាក់កណ្តាលយប់ទាំងម្តង។

ប្រភពខាងលើបានបន្តថា គម្រោងថវិកាខាងលើនេះនឹងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២២​ ខណៈជំនួយដែលអាមេរិកត្រូវផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះនឹងត្រូវបែងចែកជា ២ប្រភេទធំៗ គឺជំនួយផ្នែកយោធា និងជំនួយសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចជាតិអ៊ុយក្រែនឡើងវិញ។ គួរបញ្ជាក់ជូនថា បើគិតបញ្ជូលទាំងកញ្ចប់ជំនួយខាងលើនេះ និងកញ្ចប់ជំនួយដែលអាមេរិកធ្លាប់បានផ្តល់ជូនអ៊ុយក្រែនចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមក គឺអាមេរិកបានផ្តល់ជំនួយសរុបប្រមាណជា ៥៤ពាន់លានដុល្លារហើយសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: