អ្នកប្រមូលទិញ iPhone 14 ទើបចេញដំបូងៗនៅចិន ហើយទុកលក់វិញយកចំណេញ ឥលូវបង្ខំចិត្តដាក់លក់វិញឡៃឡុងតាមដងផ្លូវវិញ ដោយសារអត់មានអ្នកទិញបន្ត
ក្រោយពីបានដាក់លក់ទូរស័ព្ទដ៏ល្បី iPhone 14 ដែលចេញជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារកត្តាជាច្រើន គេបានរកឃើញថា នៅតំបន់ខ្លះ iPhone 14 ប្រហែលជាលក់មិនបានច្រើនទេ បើប្រៀបធៀបជាមួយនឹងជំនាន់មុន ហើយវាអាចបណ្តាលឱ្យមនុស្សមួយចំនួនរងផលប៉ះពាល់ទាំងស្រុងទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Liberty Times Net បានរាយការណ៍ពីរឿងកំពុងរីករាលដាលនៅក្នុងប្រទេសចិន ដោយមនុស្សមួយចំនួនបានប្រមូលទិញ iPhone 14 ជាច្រើនស្តុកទុក ហើយក៏បានសម្រេចចិត្តយកទូរស័ព្ទនោះ ចេញមកដាក់លក់នៅតាមចិញ្ចើមផ្លូវមួយក្នុងតំបន់ Tian Huan ទីក្រុងក្វាងចូវ ដែលមានតម្លៃថោកជាងទីផ្សារ ព្រោះចង់លក់យកលុយមកវិញ ដោយសារបារម្ភថា ប្រសិនបើទុកវាយូរជាងនេះ អាចនឹងខាតបង់កាន់តែច្រើន។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កាលពីមុន iPhone ត្រូវបានគេចាត់ទុកថា ជាទូរស័ព្ទពេញនិយមបំផុតនៅក្នុងប្រទេសចិន នៅពេលដែលម៉ូដែលថ្មីមកភ្លាម មានអតិថិជនជាច្រើនចាំទិញ ហើយមានមនុស្សមួយចំនួនសុខចិត្តចំណាយលុយទិញថ្លៃជាងទីផ្សារ ដើម្បីបានប្រើមុនគេ។ កត្តានេះហើយទើបមានអាជីវករមួយចំនួនបាននាំគ្នាទៅប្រមូលទិញពីក្នុងហាង ដើម្បីស្តុកទុក ហើយដាក់ទៅវិញថ្លៃខ្ពស់ជាងទីផ្សារ ដោយសារតែមិនមានទូរស័ព្ទគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេលចេញដំបូងៗ។ តាមរយៈរបាយការណ៍បានរកឃើញថា ក្រុមទាំងនេះរកបានយ៉ាងហោចណាស់ ៥,០០០ – ៦,០០០ យន់ (ឬជាង៧០០ទៅ១ពាន់ដុល្លាអាមេរិក) រាល់ពេលដែល Apple បញ្ចេញស្មាតហ្វូនស៊េរីថ្មី។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី iPhone 14 ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន តម្លៃលក់បន្តមិនបានកើនឡើងខ្ពស់ដូចពីមុននោះទេ។ ថែមទាំងនៅពេលខ្លះ វាបែរជាទាបជាងតម្លៃដែលលក់នៅលើគេហទំព័រផ្លូវការផងដែរ ដោយម៉ូដែល iPhone 14 ដែលមានទំហំ 512GB តម្លៃទិញក្នុងទីផ្សារនោះ គឺស្ថិតនៅក្រោមតម្លៃស្តង់ដារដល់ទៅ ៧៣៩ យន់ (ឬជាង១ពាន់ដុល្លាអាមេរិក)។ តាមរយៈបញ្ហា នេះបាននាំឱ្យមានការឈឺក្បាលរបស់អ្នកជំនួញ iPhone ដែលរំពឹងទុកថាអាចកេងចំណេញបានពីការដាក់លក់ បែរជាត្រូវខកបំណង ដូច្នេះហើយពួកគេមានតែវិធីតែមួយគត់ដែលត្រូវប្រញាប់បញ្ចេញវាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដល់ថ្នាក់អង្គុយលក់នៅតាមចិញ្ចើមថ្នល់តែម្តង ជាមួយនិងតម្លៃដែលទាបជាងទីផ្សារដល់ទៅ ១ពាន់ យន់ ឬជិត ២០០ដុល្លាអាមេរិកឯណោះ៕


អត្ថបទ៖ Bee
ប្រភព៖ kapook.com