បារាំងសម្រេចបិទប្រព័ន្ធទឹកក្តៅនៅតាមទីសាធារណៈមួយរយៈ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី
- BY
- Pheakdey
- October 6, 2022
បារាំង៖ ប្រទេសបារាំងនឹងបិទប្រព័ន្ធទឹកក្តៅនៅតាមទីសាធារណៈមួយរយៈដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់នូវថាមពលអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ តុលានេះ។ បើតាមក្រសួងថាមពលបារាំងបានបញ្ជាក់ថា វិធានការកាត់បន្ថយការប្រើប្រាស់ថាមពលខាងលើនេះនឹងត្រូវអនុវត្តក្នុងលក្ខខណ្ឌចំនួន ២ ដោយក្នុងនោះនៅតាមបណ្តាអាងហែលទឹកសាធារណៈទាំងអស់នឹងតម្រូវឲ្យបន្ថយកម្រិតសីតុណ្ហភាពទឹកក្តៅឲ្យបានយ៉ាងយោចណាស់ ១សង្សាសេ ។

បើទោះជាការបន្ថយសីតុណ្ហភាពនេះមានកម្រិតតិចតួចក៏ដោយតែវាក៏ជាផ្នែកមួយនៃការសន្សំសំចៃថាមពលបានដែរ ដ្បិតជាទូទៅប្រព័ន្ធទឹកក្តៅនៅតាមអាងហែលទឹកត្រូវបើកប្រជាប្រចាំ ហើយបើអាងទឹកធំ ឬអាងទឹកមានច្រើនកន្លែងនោះគឺតម្រូវការនៃការប្រើប្រាស់ថាមពលក៏មានច្រើនទៅតាមនោះដែរ។
ចំពោះលក្ខខណ្ឌមួយវិញទៀតគឺនៅតាមបន្ទប់ទឹកឬបង្គន់សាធារណៈទាំងអស់នឹងតម្រូវឲ្យបិទប្រព័ន្ធទឹកក្តៅមួយរយៈតែម្តង ដោយទុកឲ្យពលរដ្ឋប្រើប្រាស់តែប្រព័ន្ធទឹកមានសីតុណ្ហភាពត្រជាក់ធម្មតាប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា វិធានការកាត់បន្ថយការប្រើប្រាស់ថាមអគ្គិសនីនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលានេះតទៅរហូតដល់ពេលមានសេចក្តីជូនដំណឹងជាថ្មីពីអាជ្ញាធរថាមពលបារាំង។
សូមបញ្ជាក់ជូនថា ការសម្រេចអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនីនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកល ពោលគឺតម្លៃថាមពលនិងហ្គាសនៅលើទីផ្សារពិភពលោកបានកើនឡើងខ្ពស់ ក្រោយពេលរុស្ស៊ីដែលជាប្រទេសផ្គត់ផ្គង់ថាមពលនិងហ្គាសធំបំផុតបានទទួលទណ្ឌកម្មពីពិភពលោកចំពោះសកម្មភាពដែលរុស្ស៊ីបានលើកទ័ពឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






