ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលសមុទ្រចំនួន ១គ្រាប់ ទាំងព្រឹកព្រលឹមថ្ងៃសុក្រនេះ

    BY Khmernote Media October 14, 2022
    ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចូលសមុទ្រចំនួន ១គ្រាប់ ទាំងព្រឹកព្រលឹមថ្ងៃសុក្រនេះ

    យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាការបាញ់បង្ហោះថ្មីចុងក្រោយបង្អស់ចំពេលមានភាពតានតឹងកាន់តែខ្លាំង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ( JCS) បាននិយាយ កូរ៉េខាងត្បូងក៏បានបញ្ចេញយន្តហោះចម្បាំងផងដែរកាលពីថ្ងៃសុក្រ នៅពេលដែលយន្តហោះយោធាកូរ៉េខាងជើងប្រហែល ១០ គ្រឿង បានហោះទៅជិតព្រំដែនដែលបែងចែកប្រទេសទាំង ២ ហើយកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៧០ គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន។

    ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹង ដោយហៅទង្វើរបស់ប្រទេសនេះថា ជាការរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨ ដែលហាមប្រាម «អំពើអរិភាព» នៅក្នុងតំបន់ព្រំដែន។ ទីក្រុងសេអ៊ូលក៏បានដាក់ទណ្ឌកម្មជាឯកតោភាគីលើកដំបូងក្នុងរយៈពេលជិត ៥ឆ្នាំ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយដាក់បុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងស្ថាប័នចំនួន ១៦ ក្នុងបញ្ជីខ្មៅ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មីស៊ីល។ យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានដកស្រង់សម្តីយោធារបស់ប្រទេសនេះ បាននិយាយថា ខ្លួនគ្រាន់តែចាត់វិធានការតបតផ្នែកយោធា បន្ទាប់ពីសមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: