អន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិកប្រកាសផ្តល់ជំនួយ ៧២៥លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន

BY
Pheakdey
October 15, 2022

អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានប្រកាសផ្តល់ជំនួយតម្លៃ ៧២៥លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលានេះ។ ជំនួយបន្ទាន់នេះត្រូវបានផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលដែលរុស្ស៊ីបានបន្តបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុងសំខាន់ៗរបស់អ៊ុយក្រែនក្នុងរយៈជិតមួយសប្តាហ៍មកហើយ។

ប្រភពខាងលើបានបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនៅពេលនេះគឺមិនខុសពីជំនួយលើកមុនៗឡើយ ពោលវាគឺជាជំនួយផ្នែកយោធា ដែលមានរួមមានសម្ភារៈសំខាន់មួយចំនួនដូចជា គ្រាប់រំសេវ កាំភ្លើងធំ គ្រាប់រ៉ុកកែត យន្តហោះគ្មានមនុស្សបើក និងឧបករណ៍សំខាន់ៗមួយចំនួនទៀតសម្រាប់ប្រើប្រាស់នៅលើសមរភូមិ។ សូមបញ្ជាក់ជូនថា ជំនួយខាងលើនេះគឺកញ្ចប់ជំនួយ​មួយផ្នែកនៃកញ្ចប់ជំនួយតម្លៃ ១៨,៣ពាន់លានដុល្លារ ដែលអាមេរិកគ្រោងនឹងផ្តល់ជូនទៅកាន់អ៊ុយក្រែនចាប់ពីខែតុលានេះរហូតដល់ចុងឆ្នាំ ២០២២៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: