ថៃបង្កើនការប្រុងប្រយ័ត្នជាថ្មីចំពោះវត្តមាននៃមេរោគបំប្លែងខ្លួន XBB
- BY
- Pheakdey
- October 15, 2022
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលានេះបានឲ្យដឹងថា អាជ្ញាធរថៃសម្រេចបង្កើនការប្រុងប្រយ័ត្នជាថ្មីចំពោះវត្តមាននៃមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលក្រុមអ្នកជំនាញបានហៅថា មេរោគប្រភេទ XBB ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរថៃបានដាក់ចេញដើម្បីឆ្លើយតបនឹងវត្តមាននៃវ៉ារ៉្យង់ XBB នៅពេលនេះគឺការបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែមទៅតាមប្រលានយន្តហោះ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យចំពោះអ្នកដំណើរអន្តរជាតិ និងជាពិសេសនោះគឺក្រុមអ្នកដំណើរដែលទើបត្រលប់មកពីប្រទេសសិង្ហបុរី និងហុងកុង ដែលជាកន្លែងបានរកឃើញករណីឆ្លងមេរោគ XBB ក្នុងចំនួនដ៏ច្រើន។

គួរបញ្ជាក់ជូនថា ការសម្រេចបង្កើនការប្រុងប្រយ័ត្នចំពោះវ៉ារ៉្យង់ XBB របស់អាជ្ញាធរថៃនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរសុខាភិបាលហុងកុងបានប្រកាសពីការរកឃើញ ករណីអ្នកឆ្លងមេរោគបំប្លែងខ្លួន XBB ជាច្រើនករណីកាលពីថ្ងៃពុធ ទី១២កន្លងទៅ ក្នុងនោះមានអ្នកជំងឺ ៣នាក់គឺជាអ្នកដំណើរមកពីប្រទេសថៃ អ្នកជំងឺ ១៣នាក់មកពីប្រទេសសិង្ហបុរី អ្នកជំងឺ ៥នាក់មកពីប្រទេសឥណ្ឌា អ្នកជំងឺ ២នាក់មកពីប្រទេសអង់គ្លេស អ្នកជំងឺ ២នាក់មកពីប្រទេសឥណ្ឌូនេស៊ី អ្នកជំងឺម្នាក់មកពីសហរដ្ឋអាមេរិក ម្នាក់មកពីអាឡឺម៉ង់ ម្នាក់មកពីអារ៉ាប់រួម និងម្នាក់មកពីសាធារណរដ្ឋឆែក។ សូមបញ្ជាក់ថា វ៉ារ៉្យង់ XBB គឺជាមេរោគបំប្លែងខ្លួនចេញពីមេរោគនៃជំងឺកូវីដ-១៩ ប្រភេទ BA.2 ហើយរហូតមកទល់នឹងពេលនេះគ្រប់អ្នកជំងឺដែលបានឆ្លងមេរោគ XBB ទាំងអស់ត្រូវបានគេមើលឃើញថា ពុំមានអាការៈធ្ងន់ធ្ងរណាមួយគួរឲ្យកត់សម្គាល់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand
- Share This Post:






