សហភាពអឺរ៉ុបផ្តល់ជំនួយជិត ៥០០លានដុល្លារបន្ថែមទៅកាន់អ៊ុយក្រែននិងជួយបណ្តុះបណ្តាលទាហានអ៊ុយក្រែន ១៥,០០០នាក់
- BY
- Pheakdey
- October 17, 2022
ទីក្រុងព្រុចសែល៖ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានយល់ព្រមគ្នាលើកគម្រោងមួយសម្រាប់ជួយគាំទ្រប្រទេសអ៊ុយក្រែន ដែលគម្រោងនោះគឹជាបេសកម្មបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនប្រមាណជា ១៥,០០០នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះបានបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននោះនឹងត្រូវចាប់ផ្តើមនៅខែក្រោយនេះហើយ ខណៈគេបានដាក់ការរំពឹងទុកយ៉ាងខ្ពស់ថា ក្រោមបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួចកងកម្លាំងអ៊ុយក្រែននឹងមានសមត្ថភាពខ្ពសជាងមុនក្នុងការប្រយុទ្ធតតាំងជាមួយកងកម្លាំងរុស្ស៊ី។

ប្រភពខាងលើបានបន្តថា ក្រៅតែសម្រេចផ្តល់វគ្គបណ្តុះបណ្តាលដល់ក្រុមទាហានហើយ សហភាពអឺរ៉ុបក៏គ្រោងនឹងផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដោយជំនួយនោះនឹងមានតម្លៃចំនួន ៥០០លានអឺរ៉ូ (ជាង ៤៨៧លានដុល្លារអាមេរិក)។ សូមបញ្ជាក់ជូនថា ការសម្រេចផ្តល់ជំនួយចំនួន ៥០០លានអឺរ៉ូបន្ថែមទៀតនៅពេលនេះ គឺធ្វើឲ្យកញ្ចប់ជំនួយសរុបដែលសហភាពអឺរ៉ុបបានផ្តល់ទៅកាន់អ៊ុយក្រែនមានតម្លៃរហូតដល់ ៣ពាន់លានអឺរ៉ូ (ជាង ២,៩ពាន់លានដុល្លារអាមេរិក) ហើយ បើគិតចាប់តាំងពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមមក៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






