ទឹកជំនន់ចាប់ផ្តើមជន់លិចចូលក្នុងតំបន់សំខាន់ៗរបស់ថៃ ខណៈទឹកមានកម្ពស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ
ថៃ៖ តំបន់សំខាន់ៗជាច្រើននៅក្នុងខេត្តភូកេត ដែលជាខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយរបសថៃត្រូវបាទទឹកជន់លិចបណ្តើរៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ បើតាមលោក Narong Woonciew ដែលជាអភិបាលនៃគណៈអភិបាលខេត្តភូកេតបានបញ្ជាក់ថា ទឹកបានផ្តើមជន់លិចចូលក្នុងសហគមន៍ដែលមានប្រជាពលរដ្ឋរស់នៅកាលពីយប់ថ្ងៃអាទិត្យ ហើយទឹកដែលបាននជន់លិចនោះមានជម្រៅចន្លោះពីកន្លះម៉ែត្រទៅមួយម៉ែត្រ។

លោកអភិបាលខេត្តរូបនេះបានបន្តថា ទឹកជំនន់នេះគឺគ្រោះធម្មជាតិដ៏កម្រនិងឆាប់រហ័សមួយចំពោះខេត្តភូកេត ហើយបញ្ហានេះក៏បានធ្វើឲ្យមានភាពចលាចលចំពោះការធ្វើដំណើរយ៉ាងខ្លាំផងដែរ ជាពិសេសនោះគឺការធ្វើដំណើរតាមយន្តហោះតែម្តង ដោយជើងហោះហើរជាច្រើនត្រូវបានលុបចោលភា្លមៗ ពោលគឺក្នុងរយៈពេលប្រមាណជា ៣ម៉ោងប៉ុណ្ណោះ មុនពេលដែលយន្តហោះត្រូវចេញដំណើរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់អាចនឹងអាក្រក់ជាងនេះ ដ្បិតខេត្តភូកេត និងខេត្តនៅភាគខាងត្បូងប្រទេសមួយចំនួនទៀតនឹងត្រូវមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតរហូតដល់ដល់ថ្ងៃពុធខាងមុខនេះ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានជនរងគ្រោះធ្ងន់ធ្ងរនៅឡើយទេ គ្រាន់តែមានជនរងគ្រោះដែលអាជ្ញាធរត្រូវជួយជម្លៀសខ្លួនប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍