ដ្រូនគ្មានមនុស្សបើក Kamikaze របស់យោធារុស្ស៊ី បានវាយប្រហារនៅទូទាំងទីក្រុងគៀវរបស់អ៊ុយក្រែន ទាំងព្រឹកព្រលឹម
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ដ្រូនគ្មានមនុស្សបើក Kamikaze ដែលបង្ហោះដោយយោធារុស្ស៊ី បានវាយប្រហារលើទីក្រុងគៀវ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ ដែលជាសកម្មភាពបង្ករឿងមួយទៀត នៅក្នុងសង្រ្គាមរយៈពេលជិត ៨ខែ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងគៀវ ភ្លាមៗមុនពេលការផ្ទុះលើកដំបូងនៅម៉ោងប្រហែល ៦ និង ៣៥ នាទីព្រឹក បន្ទាប់មកសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅផ្នែកជាច្រើនទៀត។

ប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«រដ្ឋធានីត្រូវបានវាយប្រហារដោយដ្រូនគ្មានមនុស្សបើក Kamikaze»។ លោកបានបន្ថែមថា៖«ជនជាតិរុស្ស៊ីគិតថាវានឹងជួយពួកគេ ប៉ុន្តែវាបង្ហាញពីភាពស្រេកឃ្លានរបស់ពួកគេ។ យើងត្រូវការប្រព័ន្ធការពារអាកាសបន្ថែមទៀត ហើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងត្រូវការអាវុធបន្ថែមទៀតដើម្បីការពារដែនអាកាស និងបំផ្លាញសត្រូវ»។
ការវាយប្រហារនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីរុស្ស៊ីបានបញ្ចេញការវាយប្រហារដោយមីស៊ីលដ៏ធំមកលើរដ្ឋធានី និងទីក្រុងនានារបស់អ៊ុយក្រែននៅទូទាំងប្រទេស។ អភិបាលក្រុងគៀវលោក Vitali Klitschko បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបណ្តាលឱ្យមានអគ្គីភ័យ និងខូចខាតអគារជាច្រើននៅកណ្តាលសង្កាត់ Shevchenkivsky ហើយបានព្រមានអ្នកស្រុកឱ្យស្វែករកកន្លែងជ្រកកោនបណ្ដោះអាសន្ន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia