សហរដ្ឋអាមេរិកជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយរួមគ្នា ដើម្បីការពារលទ្ធភាពនៃការផ្ទុះឡើងនៃជំងឺទាំង២ ក្នុងពេលតែមួយ
មន្ត្រីសុខាភិបាលអាមេរិកកំពុងជំរុញប្រជាជនឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយ ទាំងពីរមុខតែម្ដង នៅចំពេលមានការភ័យខ្លាចថា វាអាចមានការផ្ទុះឡើងនៃជំងឺទាំង ២ ក្នុងពេលតែមួយនៅរដូវរងានេះ។ អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមានចំពោះជំងឺ COVID-19 លោក Ashish Jha បាននិយាយថា លោករំពឹងថា នឹងឃើញមានការកើនឡើងនៃជំងឺផ្តាសាយនៅឆ្នាំនេះ ដោយមើលឃើញពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។ លោកបាននិយាយថា មនុស្សរាប់រយនាក់អាចត្រូវបានស្រោចស្រង់ជីវិតជារៀងរាល់ថ្ងៃក្នុងរដូវរងានេះ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងទាំងពីរមុខ។

គួរឱ្យដឹងដែរថា អូស្ត្រាលីមានការរីករាលដាលនៃជំងឺផ្ដាសាយយ៉ាងច្រើននៅឆ្នាំនេះ ដោយមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ពួកគេបានបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយជាង ២២៥,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៣០៨ នាក់ ចាប់ពីដើមឆ្នាំ២០២២ ដល់ថ្ងៃអាទិត្យ។ ពួកគេនិយាយថា ក្នុងពេលដូចគ្នាកាលពីឆ្នាំមុនគឺមានតែ ៥៥០ ករណីប៉ុណ្ណោះ ហើយគ្មានអ្នកស្លាប់ទេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍កាលពីថ្ងៃសុក្របាននិយាយថា មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងផ្នែកខ្លះរបស់សហរដ្ឋអាមេរិក ហើយខ្លួនបានកំពុងអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងតាមកាលកំណត់ចុងខែតុលានេះ។
CDC និយាយថា មានករណីគ្រុនផ្តាសាយប្រហែល ២៩ លានករណី ជាមួយនឹងការស្លាប់ប្រហែល ២៨,០០០ នាក់ ក្នុងរដូវកាលនៃជំងឺគ្រុនផ្តាសាយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺ COVID-19៕


អត្ថបទ៖ លីដា
ប្រភព៖ NHK