កម្មករនៅបារាំងរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារដំឡើងប្រាក់ឈ្មួលឲ្យសមស្របនឹងកម្រិតអតិផរណា
- BY
- Pheakdey
- October 19, 2022
បារាំង៖ ក្រុមកម្មករនៅក្នុងប្រទេសបារាំងរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ។ ហេតុផលចម្បងនៃសម្រេចនាំគ្នាធ្វើបាតុកម្មគឺក្រុមកម្មករចង់ទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួលរបស់ពួកគេឲ្យខ្ពស់ជាងមុន ដើម្បីឆ្លើយតបនឹងកម្រិតអតិផរណានាពេលចប្ចុប្បន្ន ពោលគឺទាមទារប្រាក់ឈ្មួលឲ្យបានសមស្របទៅនឹងតម្លៃទំនិញនៅលើទីផ្សារដែលបានឡើងថ្លៃក្នុងកម្រិតដ៏ខ្ពស់មួយ។

ប្រភពខាងលើបានបន្តថា ក្រុមកម្មករបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវសំខាន់ៗនៅទូទាំងប្រទេសបារាំង និងជាពិសេសនៅតំបន់ដែលមានស្ថានីយ៍ប្រេងឥន្ទនៈ ហើយសកម្មភាពនេះក៏បានផ្តល់ការរាំងស្ទះចំពោះការធ្វើដំណើររបស់ពលរដ្ឋរាប់លាននាក់ផ្សេងទៀតផងដែរ។ បាតុករម្នាក់ឈ្មោះ Laurent Leger អាយុ ៥៩ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់ចង់ទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួល ១០% ដើម្បីទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលតម្លៃនៃម្ហូបអាហារនិងតម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា បញ្ហាសេដ្ឋកិច្ចដែលប្រទេសបារាំងកំពុងជួបប្រទះនៅពេលនេះបានកើតឡើងក្រោមហេតុផលសំខាន់ៗមួយចំនួនដូចជា វិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃវិបត្តិសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






