អន្តរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា ចិនអាចនឹងឈ្លានពានកោះតៃវ៉ាន់នៅក្នុងឆ្នាំនេះ

BY
Pheakdey
October 21, 2022

អាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងថា កងយោធាអាមេរិកត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់នៅក្នុងពេលឥលូវនេះដើម្បីត្រៀមឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាននៅលើទឹកដីកោះតៃវ៉ាន់ ដែលអាចកើតមានឡើងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។​ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់មេរិកដែលបានធ្វើសេចក្តីអះអាងនេះគឺឧត្តមនាវីឯក Michael Gilday ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក​ ខណៈកា​របញ្ចេញទស្សនៈរបស់លោកគឺត្រូវបានធ្វើឡើងនៅក្នុងពិធីសន្និសិទ្ធផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ។

ឧត្តមនាវីឯក Michael Gilday

ប្រធានប្រតិបត្តិការកងទ័ពជើងទឹកអាមេរិករូបនេះបាននិយាយចំៗថា ប្រទេសចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping គឺកំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាង​ខ្លាំងចំពោះគម្រោងឈ្លានពានកោះតៃវ៉ាន់ ហើយប្រតិបត្តិការណ៍ឈ្លានពាននោះអាចនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខ ឬអាចនៅក្នុងឆ្នាំនេះតែម្តង។ ឧត្តមនាវីឯករូបនេះបានបន្តថា កត្តាដែលជំរុញឲ្យចិនកាន់តែចង់វាយដណ្តើមយកកោះតៃវ៉ាន់ក្នុងពេលនេះគឺដោយសារស្ថានពិភពលោកកំពុងមានភាពអំណោយផលសម្រាប់ចិន ពោលគឺពិភពលោកកំពុងជាប់ដៃដោះស្រាយបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈប្រទេសចិនវិញកំពុងឈរមើលនិងរៀនសូត្រយុទ្ធសាស្រ្តពីរុស្ស៊ី ខណៈចិនក្នុងនាមជាប្រទេសសម្ព័ន្ធមិត្តជាមួយរុស្ស៊ីគឺមិនបានរងផលប៉ះពាល់ពីវិបត្តិនៃការឡើងថ្លៃថាមពល និងវិបត្តិសេដ្ឋកិច្ចផ្សេងៗទៀតនោះទេ៕

លោកប្រធានាធិបតីចិន Xi Jinping

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: