អន្តរជាតិ

តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ ២រូបជុំវិញករណីមរណភាពមន្ត្រីជលផលម្នាក់ដែលត្រូវបានបាញ់និងដុតកម្ទេចសាកសពដោយទាហានកូរ៉េខាងជើង

BY
Pheakdey
October 22, 2022

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានសម្រេចចេញដីកាចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ចំនួន ២រូបជុំវិញករណីស្លាប់មន្ត្រីជលផលនៃក្រសួងនេសាទរបស់រដ្ឋាភិបាលខាងត្បូងម្នាក់ ដែលបានស្លាប់ក្នុងកណ្តាប់ដៃរបស់ទាហានកូរ៉េខាងជើងកាលពីឆ្នាំ ២ឆ្នាំមុន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២២ ខែតុលានេះបានឲ្យដឹង​ថាអតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកូ​រ៉េខាងត្បូងទាំង ២រូបនោះរួមមាន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិម្នាក់ និងម្នាក់ទៀតជាអតីតប្រធានឆ្មាំសមុទ្រ ខណៈមន្ត្រីជលផល ដែលបានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ ២០២០កន្លងទៅនោះគឺលោក Lee Rae-jin ដែលរូបគាត់ត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់ ហើយក្រោយមកសពរបស់គាត់ត្រូវបានដុតកម្ទេចចោលនៅដែនសមុទ្ររបស់កូរ៉េខាងជើងទៀតផង។

លោក Lee Rae-jin

គួររម្លឹកជូនថា មុនពេលស្លាប់លោក Lee Rae-jin បានជួបឧប្បត្តិហេតុ​ក្នុងពេលបំពេញការងារនៅលើដែនសមុទ្រកូរ៉េខាងត្បូង ហើយរូបគាត់បានអណ្តែតនៅលើទឹកសមុទ្រជិត ៦ម៉ោង មុនពេលរសាត់ទៅដល់ដែនសមុទ្ររបស់កូរ៉េខាងជើង។ តាមការស៊ើបអង្កេតរបស់តុលាការកូរ៉េខាងត្បូងបានរកឃើញថា ការស្លាប់យ៉ាងអាណោចអាធ័មរបស់លោក Lee Rae-jin គឺមានការពាក់ព័ន្ធជាមួយអតីតមន្ត្រីជាន់ខ្ពស់ ២រូបគឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតប្រធានឆ្មាំសមុទ្រ ដែលពួកគាត់បានចាត់ចែងការងារសម្រាប់លោក Lee Rae-jin ដោយខុសលក្ខណៈបច្ចេកទេសនិងធ្វេសប្រហែលមិនបានជួយសង្គ្រោះជីវិតគាត់ឲ្យបានទាន់ពេលវេលានោះទេ មុនពេលរូបគាត់ត្រូវរសាត់ទៅដល់ដែនសមុទ្រកូរ៉េខាងជើង។ ជាងនេះទៅទៀត អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងអតីតប្រធានឆ្មាំសមុទ្របានបំផ្លាញភស្តុតាងជាច្រើន ដែលបង្ហាញអំពីកំហុសរបស់ពួកគាត់ចោលទៀតផង ដើម្បីគេចចេញពីការទទួលខុសត្រូវចំពោះករណីរសើបមួយនេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះតុលាការកូរ៉េខាងត្បូងនៅមិនទាន់ប្រាប់ឲ្យដឹងទេថា អតីតមន្ត្រីជាន់ខ្ពស់ទាំង ២រូបនេះនឹងទទួលទោសកម្រិតណានោះទេ៕

អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Suh Wook (រូបឆ្វេង) និងអតីតប្រធានឆ្មាំសមុទ្រលោក Kim Hong-hee (រូបស្តាំ)

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: