អន្តរជាតិ
ឥណ្ឌូណេស៊ីរាយការណ៍ពីការកើនឡើងនៃបញ្ហាតម្រងនោមធ្ងន់ធ្ងរក្នុងចំណោមកុមារ ដោយសារការប្រើប្រាស់ស៊ីរ៉ូឱសថ
BY Khmernote Media
October 23, 2022
មន្ត្រីក្រសួងសុខាភិបាលក្នុងប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ជាបណ្តោះអាសន្ននូវវេជ្ជបញ្ជា និងការលក់ស៊ីរ៉ូឱសថទាំងអស់ ចំពេលមានការរីករាលដាលនៃបញ្ហាតម្រងនោមធ្ងន់ធ្ងរក្នុងចំណោមកុមារ។ ពួកគេនិយាយថា មនុស្ស ២៤១ នាក់ បានទទួលរងការបាត់បង់មុខងារតម្រងនោមភ្លាមៗក្នុងឆ្នាំនេះ ខណៈប្រហែល ៧០ ភាគរយ មានអាយុចាប់ពី ៥ឆ្នាំ ឬតិចជាងនេះ។ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុប ១៣៣ នាក់ គិតមកទល់ពេលនេះ។

អាជ្ញាធរចំណីអាហារ និងឱសថរបស់ប្រទេសនេះនិយាយថាសារធាតុ អេទីឡែនគ្លីកូល ត្រូវបានរកឃើញនៅក្នុងទឹកស៊ីរ៉ូចំនួន ៥ ដែលផលិតក្នុងស្រុក។ សារធាតុពុលនេះជាធម្មតាត្រូវបានប្រើប្រាស់ជាភ្នាក់ងារប្រឆាំងនឹងការកកនៅក្នុងម៉ាស៊ីន។ អាជ្ញាធរកំពុងពិនិត្យមើលថា តើទឹកស៊ីរ៉ូផ្សេងទៀតមានសារធាតុគ្រោះថ្នាក់ដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK