ចិនស្ទុះទៅវាយខ្មែរ ព្រោះខឹងលក់ដាច់ជាងខ្លួន
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែបុរសជនជាតិចិនម្នាក់ បានយកដែកវាយបំផ្លាញជញ្ជាំងហាងស៊ុបរបស់ខ្មែរ ហើយវាយអ៊ុំប្រុសជាម្ចាស់ហាង បណ្តាលឲ្យរបួសថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានសព កែងផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាជនជាតិខ្មែរជាម្ចាស់ភោជនីយដ្ឋាន សុខធា មានលក់បាយមាន់ គុយទាវ សាច់គោអាំង និងម្ហូបគ្រប់មុខ ចំណែកឯជនបង្កជាជនជាតិចិន ជាម្ចាស់ហាងយីហោ អួងជែឡូអ៊ី លក់ម្ហូបចិនគ្រប់មុខ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះជាម្ចាស់ហាង សុខធា បានលក់ដូរធម្មតា ហើយមិនថាមានរឿងអ្វីនោះទេ ស្រាប់តែជនបង្កជាជនជាតិចិននោះបាននិយាយភាសាចិន តែគាត់ស្តាប់មិនបាន បន្ទាប់មកក៏យកដែកមកវាយជញ្ជាំងស័ង្កសី ដែលជាប់ជញ្ជាំងផ្ទះគាត់ បណ្តាលឲ្យខូចខាត រួចមកជនជាតិចិននោះក៏បានស្ទុះមកវាយលើរូបគាត់២ដៃ និងស្ទុះរកវាយក្រុមគ្រួសារអ៊ុំប្រុសថែមទៀត តែត្រូវបានអ្នករត់ម៉ូតូឌុបនៅក្បែរនោះឃើញជួយអន្តរាគមន៍ទាន់ពេល។
ក្រោយកើតហេតុ បុរសរងគ្រោះជាជនជាតិខ្មែរបានទាមទារសំណង១,០០០ដុល្លារ តែជនជាតិចិននោះមិនព្រមឲ្យ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបុរសជនជាតិចិនខាងលើបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ តែម្តង៕
