ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី

    BY Khmernote Media November 2, 2022
    សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី

    យោងតាមសារព័ត៌មាន Australian Broadcasting Corp (ABC) នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 រហូតដល់ ៦ គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាសកម្មភាពមួយនឹងបង្ក​ភាព​តានតឹង​កាន់តែ​ខ្លាំង​ជាមួយ​ក្រុង​ប៉េកាំង។ ជាមួយគ្នានេះ គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន Tindal របស់កងទ័ពអាកាសអូស្ត្រាលី ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ដែលជារដ្ឋធានីនៃទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ យ៉ាងណា ការិយាល័យរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

    របាយការណ៍ ABC បាននិយាយថា សហរដ្ឋអាមេរិកបានរៀបចំផែនការយ៉ាងលម្អិត ចំពោះអ្វីដែលខ្លួនហៅថា «កន្លែងប្រតិបត្តិការកងអនុសេនាធំ» សម្រាប់ការប្រើប្រាស់ក្នុងរដូវប្រាំងនៅដែនដីខាងជើង Northern Territory មជ្ឈមណ្ឌលថែទាំដែលនៅជាប់គ្នា និងកន្លែងចតសម្រាប់យន្តហោះ B-52 ។ ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ទៅកាន់ប្រទេសអូស្ត្រាលី គឺជាការផ្ញើសារមួយទៅកាន់សត្រូវអំពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងគម្រោងថាមពលអាកាសដ៍សាហាវរបស់ខ្លួន ខណៈដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលីមួយនេះ ក៏ធ្លាប់បានរៀបចំកិច្ចសហប្រតិបត្តិការយោធាជាញឹកញាប់ជាមួយសហរដ្ឋអាមេរិក។

    កងម៉ារីនអាមេរិករាប់ពាន់នាក់ បានចល័តជុំវិញទឹកដីនេះជារៀងរាល់ឆ្នាំ សម្រាប់ការហ្វឹកហ្វឺន និងសមយុទ្ធរួមគ្នា ដែលបានចាប់ផ្តើមដំបូងតាំងតែពីជំនាន់ប្រធានាធិបតី អូបាម៉ា។ កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយ B-52 ចំនួន ៤គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Andersen របស់ខ្លួន ក្នុងកោះហ្គាំផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: