ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករកសិដ្ឋានចំនួន ២នាក់ នៅក្នុងប្រទេសអេស្ប៉ាញ

    BY Khmernote Media November 5, 2022
    អង្គការសុខភាពពិភពលោក ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករកសិដ្ឋានចំនួន ២នាក់ នៅក្នុងប្រទេសអេស្ប៉ាញ

    អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករចំនួន ២នាក់ ដែលធ្វើការនៅក្នុងកសិដ្ឋានតែមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងនៅក្នុងចំណោមបក្សី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ ដោយមើលឃើញពីផលប៉ះពាល់លើសុខភាពសាធារណៈ ការឆ្លើយតបពហុវិស័យ រួមទាំងវិធានការគ្រប់គ្រង ការការពារ និងការរកមើលឱ្យទាន់ពេលវេលា ត្រូវបានផ្តួចផ្តើមនៅក្នុងកសិដ្ឋានបសុបក្សីមួយនោះ។ ការចម្លងលើកម្មករទាំង ២នាក់ ទំនងជាដោយសារតែពួកគាត់បានប៉ះពាល់ជាមួយបក្សីដែលមានមេរោគ ឬបរិស្ថានកខ្វក់។

    កម្មករទាំង ២​នាក់ ​មិនមាន​រោគ​សញ្ញា​អ្វី​ឡើយ ហើយពួកគេ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រហូតដល់​ពួកគេ​ធ្វើតេស្ត​អវិជ្ជមានពីជំងឺផ្តាសាយបក្សី H5N1 ឡើងវិញ​។ បន្ទាប់ពីការផ្ទុះឡើងនេះ កម្មករកសិដ្ឋានទាំងអស់ និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ សុទ្ធតែត្រូវបានធ្វើតេស្តទាំងអស់។ ក្រសួងសុខាភិបាលអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស សម្រាប់ជំងឺផ្តាសាយបក្សី H5N1 នោះទេ។

    ជម្រាបដែរថា ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ចំពោះមនុស្ស អាចមានចាប់ពីការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើដោយមិនចេញរោគសញ្ញា ឬកម្រិតស្រាល រហូតដល់ការវិវត្តយ៉ាងឆាប់រហ័សទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ចុះសម្ពាធឈាមធ្ងន់ធ្ងរ (shock) និងរហូតដល់ស្លាប់។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៣ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ករណីលើមនុស្សសរុបចំនួន ៨៦៨ ករណី រួមទាំងករណីទាំង ២ នៅក្នុងប្រទេសអេស្ប៉ាញ ហើយករណីស្លាប់ចំនួន ៤៥៦ ករណី ត្រូវបានរាយការណ៍ទូទាំងពិភពលោកពីប្រទេសចំនួន ២១ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ WHO , រ៉យទ័រ

    Share This Post: