ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Twitter សម្រេចបញ្ឈប់បុគ្គលិករហូតដល់ ៥០% ក្រោយលោក Elon Musk ធ្វើកំណែទម្រង់ទ្រង់ទ្រាយធំក្នុងក្រុមហ៊ុនបាន ១សប្តាហ៍

    BY Khmernote Media November 5, 2022
    Twitter សម្រេចបញ្ឈប់បុគ្គលិករហូតដល់ ៥០% ក្រោយលោក Elon Musk ធ្វើកំណែទម្រង់ទ្រង់ទ្រាយធំក្នុងក្រុមហ៊ុនបាន ១សប្តាហ៍

    អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម Twitter បានសម្រេចបណ្តេញបុគ្គលិកអស់កណ្តាលក្នុងរយៈត្រឹមតែ ១សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសោរ៍ ទី៥ ខែវិច្ឆិកានេះ។ ការសម្រេចបញ្ឈប់បុគ្គលិកនៅក្នុងចំនួនដ៏ច្រើននេះត្រូវបានគេមើលឃើញថា បានកើតឡើងក្រោយនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនគឺលោកមហាសេដ្ឋីលំដាប់ទីមួយនៅពិភពលោក Elon Musk បានសម្រេចអនុវត្តគម្រោងធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ដើម្បីដោះស្រាយវិបត្តិដែលក្រុមហ៊ុនកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ននេះ។

    ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមានបុគ្គលិកប្រមាជា ៧,៥០០នាក់ ដែលក្រុមហ៊ុន Twitter បានសម្រេចបញ្ឈប់ពីការងារ ហើយសេចក្តីសម្រេចមួយនេះត្រូវបានគេមើលឃើញថាគឺជាការបញ្ឈប់បុគ្គលិនៅក្នុងចំនួនដ៏ច្រើននិងនៅក្នុងរយៈពេលដ៏ខ្លីមួយ ពោលគឺវាបានកើតឡើងក្រោយពេលលោក Elon Musk បានសម្រេចអនុវត្តគម្រោងកំណែទម្រង់ទ្រង់ទ្រាយធំបានត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។ បើយោងតាមសារនៅលើគណនី Twitter ផ្លូវការរបស់លោក Elon Musk ដែលបានបង្ហោះកាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុន Twitter ត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៤លានដុល្លារក្នុងមួយថ្ងៃ ដូចនេះក្រុមហ៊ុនគ្មានជម្រើសណាក្រៅពីសម្រេចកាត់បន្ថយបុគ្គលិកនោះទេ។ សូមរម្លឹកជូនថា លោក Elon Musk បានទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ ហើយការសម្រេចទិញនេះគឺត្រូវបានធ្វើឡើងស្របដែលពេលក្រុមហ៊ុន Twitter កំពុងប្រឈមនឹងបញ្ហាជាធំៗជាច្រើនរួមទាំងបញ្ហាហិរញ្ញវត្ថុផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: