អន្តរជាតិ

ថៃប្រកាសរកឃើញជាលើកដំបូងនៃករណីអ្នកកើតជំងឺ “Evali” ដែលជាជំងឺរលាកសួតធ្ងន់ធ្ងរបង្កឡើងដោយការជក់បារីអេឡិចត្រូនិច

BY
Pheakdey
November 11, 2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកកើតជំងឺរលាកសួតធ្ងន់ធ្ងរមួយប្រភេទជាលើកដំបូងនៅក្នុងប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ​ ទី១១ ខែវិច្ឆិកានេះ។ បើតាមលោកវេជ្ជបណ្ឌិត Winai Wananukul ប្រធានផ្នែកវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ Ramathibodi នៃសាកលវិទ្យាល័យ Mahidol បានពន្យល់ថា ជំងឺរលាកសួតនោះត្រូវបានគេហៅតាមភាសាបច្ចេកទេសថា “Evali” គឺជាអាការៈដែលសួតបានរងនូវការបំផ្លាញ ឬរងនូវរបួសយ៉ាងធ្ងន់ធ្ងរ។

លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ជាទូទៅជំងឺរលាកសួត Evaliបានបង្កឡើងតាមរយៈសកម្មភាពនៃការជក់បារីអេឡិចត្រូនិច ឬការជក់ផលិតផល Vape ជាប្រចាំ។ ជាក់ស្តែងអ្នកជំងឺ Evaliដែលអាជ្ញាធរថៃបានរកឃើញជាករណីដំបូងនេះ គឺជាបុរសម្នាក់ដែលបានផ្តាច់ការជក់បារីធម្មតាអស់រយៈពេល ៥ឆ្នាំមកហើយ ខណៈមុនពេលមានជំងឺគឺជនរងគ្រោះបានបន្តសកម្មភាពជក់បារីឡើងវិញ តែគាត់បានប្តូរទៅជក់បារីអេឡិចត្រូនិចវិញម្តងនិងបានជក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះមានអាការៈថប់ដង្ហើមយ៉ាងខ្លាំង និងកើតមានអាការៈក្អួតចង្អោរជាញឹកញាប់។ គួរបញ្ជាក់ជូនថា ការជក់បារីអេឡិចត្រូនិច ឬ Vape បានក្លាយជានិន្នាការដ៏ពេញនិយមក្នុងចំណោមយុវជននាសម័យជឿនលឿននេះ ខណៈផលិតផលទាំងអស់នេះត្រូវបានអាជ្ញាធរកម្ពុជាកំណត់ជាផលិតដែលត្រូវហាមឃាត់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: