មនុស្សយ៉ាងហោច ៦នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្ដហោះចម្បាំង ២គ្រឿង បានប៉ះគ្នានៅរដ្ឋតិចសាស់ (មានវីដេអូ)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៦បានស្លាប់ បន្ទាប់ពីហេតុការណ៍ការប៉ះទង្គិចគ្នាតាមផ្លូវអាកាសរវាងយន្តហោះយោធាវ័យចំណាស់ ២គ្រឿង នៅក្នុងអំឡុងការតាំងបង្ហាញផ្លូវអាកាសកាលពីថ្ងៃសៅរ៍ នៅរដ្ឋតិចសាស់ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក នេះបើតាមចៅក្រមខោនធី Dallas បានធ្វើសេចក្តីប្រកាស នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីថ្ងៃអាទិត្យ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា យន្តហោះចម្បាំង P-63 បានហោះទៅបុកយន្ដហោះបំផ្ទុះគ្រាប់បែក B-17 ពីខាងក្រោយ នៅឯអាកាសយានដ្ឋាន Dallas បណ្តាលឱ្យយន្ដហោះធ្លាក់ដល់ដី និងមានអគ្គីភ័យយ៉ាងសន្ធោសន្ធៅ។ របាយការណ៍បាននិយាយថា B-17 ជាធម្មតាមានអ្នកជីះពី ៤ ទៅ ៥នាក់ ហើយ P-63 មានអ្នកបើកយន្តហោះតែមួយប៉ុណ្ណោះ ខណៈយន្តហោះទាំង ២ គឺសល់តាំងពីសង្គ្រាមលោកលើក២។ គេនៅមិនទាន់ដឹងថា តើមានមនុស្សសរុបប៉ុន្មាននាក់នៅលើយន្តហោះទាំង ២ នៅពេលកើតហេតុ ខណៈរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បានចាប់ផ្តើមការស៊ើបអង្កេតមួយ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN