តុលាការក្នុងប្រទេសអ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតជាលើកដំបូងទៅលើបាតុករប្រឆាំងរដ្ឋាភិបាល
តុលាការក្នុងប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតជាលើកដំបូង ពាក់ព័ន្ធទៅនឹងបាតុករប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន។ គួររំលឹកផងដែរថា ការតវ៉ានៅក្នុងប្រទេសនេះកាន់តែអូសបន្លាយទៅៗ ចាប់តាំងពីការស្លាប់របស់ស្ត្រីម្នាក់ឈ្មោះថា Mahsa Amini នៅក្នុងខែកញ្ញា នៅពេលដែលប៉ូលិសសីលធម៌បានចាប់ខ្លួននាង ក្រោមការចោទប្រកាន់ថា ការស្លៀកពាក់ និងរំក្បាលរបស់នាង គឺមិនត្រឹមត្រូវតាមច្បាប់។ តុលាការបដិវត្តន៍បានរកឃើញថា អ្នកតវ៉ាម្នាក់នោះបានដុតអគាររដ្ឋាភិបាល ហើយគេមានពិរុទ្ធពីបទរំលោភលើសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ជនជាប់ចោទត្រូវបានរាយការណ៍ថា មានសិទ្ធិប្តឹងឧទ្ធរណ៍លើការកាត់ទោសនេះ។

ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ១៦នាក់ ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់៖«បញ្ឈប់ការប្រើប្រាស់ទោសប្រហារជីវិតជាឧបករណ៍ ដើម្បីបំផ្លាញការតវ៉ា»។ ការប្រមូលផ្តុំគ្នាបានបន្តចាប់តាំងពីខែកញ្ញា ហើយកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ កំពុងធ្វើការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើក្រុមបាតុករ។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយថា មនុស្សយ៉ាងតិច ៣២៦ នាក់ ត្រូវបានសម្លាប់ គិតត្រឹមថ្ងៃសៅរ៍ចុងក្រោយនេះ រួមទាំងកុមារ ៤៣នាក់ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK