តុលាការហូឡង់កាត់ទោសបុរស ៣នាក់ឲ្យជាប់គុកអស់មួយជីវិតជុំវិញករណីបាញ់ទម្លាក់យន្តហោះលើទឹកដីអ៊ុយក្រែនដែលបណ្តាលឲ្យមនុស្សជិត ៣០០នាក់បាត់បង់ជីវិត
- BY
- Pheakdey
- November 18, 2022
ហូឡង់៖ តុលាការនៃប្រទេសហូឡង់បានសម្រេចកាត់ទោសឲ្យមនុស្សចំនួន ៣នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិតជុំវិញករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនៅលើទឹកដីនៃប្រទេសអ៊ុយក្រែននាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមជនជាប់ចោទទាំង ៣នាក់នោះគឺមាន ២នាក់ជាបុរសជនជាតិរុស្ស៊ី និងម្នាក់ទៀតគឺជាបុរសជនជាតិអ៊ុយក្រែន ខណៈតុលារបានរកឃើញថា បុរសទាំង ៣នាក់នេះបានធ្វើសកម្មភាពដឹកជញ្ជូនមីស៊ីលចេញពីប្រទេសរុស្ស៊ីមកកាន់ដឹកដីអ៊ុយក្រែនដើម្បីអនុវត្តផែនការបាញ់ទម្លាក់យន្តហោះមួយគ្រឿង។

គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤កន្លងទៅ ដោយពេលនោះមានយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Malaysian Airlines មួយគ្រឿងបានធ្លាក់នៅលើដឹកដីនៃប្រទេសអ៊ុយក្រែន។ នៅក្នុងយន្តហោះដឹកអ្នកដំណើរ MH17 នោះមានផ្ទុកមនុស្សសរុបចំនួន ២៩៨នាក់ បានធ្វើដំណើរចេញពីទីក្រុងអាំស្ទែដាំនៃប្រទេសហូឡង់ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួនៃប្រទសម៉ាឡេស៊ី ហើយយន្តហោះត្រូវបានគេបាញ់ទម្លាក់ពេលកំពុងបើកឆ្លងកាត់ប្រទេសអ៊ុយក្រែន។ ក្រោយជួបឧប្បត្តិហេតុ មនុស្សទាំងអស់នៅលើយន្តហោះដោយក្នុងនោះមានទាំងកូនក្មេងជាច្រើនាក់ផងបានស្លាប់បាត់បង់ជីវិតទាំងអស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






