អន្តរជាតិ

រដ្ឋអាជ្ញាសហព័ន្ធអាមេរិកសម្រេចចោទប្រកាន់មនុស្ស ៨នាក់ក្នុងនោះក៏មានពលរដ្ឋខ្មែរមួយចំនួនផងដែរពីបទរត់ពន្ធសត្វស្វាដោយខុសច្បាប់ទៅអាមេរិក ខណៈជនសង្ស័យត្រូវប្រឈមនឹងការជាប់គុករហូតដល់ ២០ឆ្នាំ

BY
Pheakdey
November 18, 2022

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Times នៅព្រឹកថ្ងៃសុក្រ ទី១៨​ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋអាជ្ញាសហព័ន្ធបានសម្រេចចោទប្រកាន់ពលរដ្ឋអាស៊ីចំនួន ៨នាក់ពីបទរត់ពន្ធសត្វស្វាដោយខុសច្បាប់ចូលទៅកាន់ទឹកដីអាមេរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ធ្វើការពិសោធន៍និងសម្រាប់ធ្វើការស្រាវជ្រាវផ្សេងៗ។ សត្វស្វាដែលក្រុមជនសង្ស័យបានធ្វើការរត់ពន្ធនោះគឺជាប្រភេទ “ស្វាត្រាស” ឬអ្នកខ្លះហៅថា “ស្វាកន្ទុយវែង” ដែលជាពូជសត្វស្វាមានមានមាឌតូចៗ មានមុខពណ៌ផ្កាឈូកលាយពណ៌ត្នោត ជាពពួកសត្វចូលចិត្តរស់នៅក្បែរមាត់ទឹក និងដីសើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ “ស្វាត្រាស” ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលជិតផុតពូជ និងជាពូជសត្វដែលត្រូវបានការពារដោយច្បាប់អន្តរជាតិផងដែរ។ បើទោះជាយ៉ាងនេះក្តី ក្រុមជនសង្ស័យទាំង ៨នាក់ខាងលើនេះបានសមគំនិតគ្នានាំយកសត្វស្វាដ៏កម្រនេះចូលទៅកាន់ទឹកដីអាមេរិក ដោយពួកគេបានបន្លំឯកសារមួយចំនួនដើម្បីបញ្ជាក់ថា សត្វស្វាដែលពួកគេព្យាយាមនាំចូលទៅអាមេរិកនោះជាប្រភេទសត្វស្វាធម្មតា ពោលគឺជាប្រភេទសត្វដែលគេអាចនាំចូលដោយស្របច្បាប់សម្រាប់យកទៅធ្វើការពិសោធន៍ផ្សេងៗ។

ប្រភពខាងលើបានបន្តថា ជនសង្ស័យទាំង ៨នាក់នោះមានរួមមានឈ្មោះ James Man Sang Lau អាយុ ៦៤ឆ្នាំ ឈ្មោះ Dickson Lau​ អាយុ ២៩ឆ្នាំ និងឈ្មោះ Sunny Chan មកពីក្រុងហុងកុង ឈ្មោះCheung Man អាយុ ៧១ឆ្នាំ ឈ្មោះ Sarah Yeung​  និងឈ្មោះ Hing Ip Chung អាយុ ៦១ឆ្នាំមកពីប្រទេសកម្ពុជា។ ដោយឡែកជនសង្ស័យ ២នាក់ផ្សេងត្រូវបានអាជ្ញាធរអាមេរិកបញ្ជាក់ថា ជាពលរដ្ឋកម្ពុជានិងជាមន្ត្រីជំនាញផ្នែកសត្វព្រៃរបស់ក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ ដែលមានឈ្មោះសរសេរជាអក្សរឡាតាំងថា Masphal Kry អាយុ ៤៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Omaliss Keo អាយុ ៥៨ឆ្នាំ។

សូមបញ្ជាក់ជូនថា ជនសង្ស័យទាំង ៨នាក់បានរងនូវបទចោទចំនួន ៨ករណី ដោយក្នុងនោះមួយករណីគឺជាករណីសមគំនិតគ្នា និង ៧ករណីផ្សេងទៀតគឺជាករណីរត់ពន្ធសត្វព្រៃដោយខុសច្បាប់​។ យោងតាមការស៊ើបអង្កេតគឺក្រុមជនសង្ស័យគ្រោងនឹងនាំសត្វស្វាចំនួន​ ៣ពាន់ក្បាលចូលទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងសត្វស្វាមួយក្បាលពួកគេអាចទទួលបានប្រាក់ចំនួន ២២០ដុល្លារ។

យ៉ាងណាក្តី ចំពោះករណីរត់ពន្ធខាងលើនេះត្រូវបានអាជ្ញាធរអាមេរិកបញ្ជាក់ថាទំហំជាទឹកប្រាក់សរុបប្រមាណជា ២៥០ ០០០ដុល្លារអាមេរិក ហើយបើយោងតាមទៅច្បាប់គឺជនសង្ស័យទាំងអស់នេះអាចប្រឈមនឹងការជាប់គុករហូតដល់ ២០ឆ្នាំ​ឬពិន័យជាប្រាក់ចំនួ​​ន ២ដងនៃប្រាក់ដែលអាចចំណេញពីបទល្មើសមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: