ថៃនិងវៀតណាមព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទូទាត់ប្រាក់ QR អន្តរជាតិ
- BY
- Pheakdey
- November 21, 2022
ប្រទេសថៃនិងប្រទេសវៀតណាមបានព្រមព្រៀងគ្នាបង្កើតប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលមួយគឺប្រព័ន្ធ QR Payment System នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយនេះត្រូវបានចុះហត្ថលេខាដោយលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុថៃ ដែលជាតំណាងឲ្យរដ្ឋាភិបាលថៃ ជាមួយនិងលោក Nguyen Xuan Phuc ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភពខាងលើបានបន្តថា សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធ QR ជាលក្ខណៈអន្តរជាតិនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារថៃ (The Bank of Thailand) ជាមួយនិងធនាគាររដ្ឋវៀតណាម (State Bank of Vietnam)។ បើតាមលោក Arkhom Termpittayapaisith បានឲ្យដឹងថា ប្រព័ន្ធទូទាត់ប្រាក់ដ៏ទំនើបនិងងាយស្រួលនេះនឹងជួយជំរុញលំហូរសាច់ប្រាក់រវាងប្រទេសទាំង ២បានយ៉ាងល្អ ហើយវានឹងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហការឆ្លងដែនក្នុងវិស័យហរិញ្ញវត្ថុ។ គួរបញ្ជាក់ជូនថា តាមធម្មតារាល់ការទូទាត់ប្រាក់ជាលក្ខណៈអន្តរជាតិគឺតម្រូវឲ្យប្រតិបត្តិករទាំងអស់ត្រូវទៅប្តូរប្រាក់ជាមុនសិន តែតាមរយៈប្រព័ន្ធទូទាត់ប្រាក់ QR អន្តរជាតិខាងនេះនឹងអនុញ្ញាតឲ្យពលរដ្ឋថៃនិងពលរដ្ឋវៀតណាមអាចទូទាត់លើការចំណាយផ្សេងៗយ៉ាងងាយស្រួល ពោលគឺគ្រាន់តែបើកទូរស័ព្ទដើម្បីស្កេន QR Code ដោយប្រើពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






