អន្តរជាតិ

វិធានការ “កូវីដសូន្យ” របស់ចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃការផ្គត់ផ្គង់ទូរស័ព្ទ iPhone យ៉ាងខ្លាំង ជាពិសេសគឺតម្រូវការទិញជាការដូសម្រាប់ថ្ងៃបុណ្យណូអ៊ែល

BY
Pheakdey
November 21, 2022

ចិន៖ ការអនុវត្តវិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិនកំពុងធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃផ្គត់ផ្គង់ទូរស័ព្ទ iPhone ទៅកាន់ទីផ្សារពិភពលោកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ។  បញ្ហានៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះបានកើតឡើងក្រោយពេលដែលជំងឺកូវីដ-១៩ ហាក់កំពុងផ្ទុះឡើងវិញនៅតាមបណ្តាទីក្រុងនិងខេត្តសំខាន់ៗមួយចំនួននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ និងនៅស្របពេលដែលពលរដ្ឋជាច្រើននៅជុំវិញពិភពលោកមានតម្រូវការទិញទូរស័ព្ទថ្មីសម្រាប់ជាការដូនៅចុងឆ្នាំ និងពិសេសនោះគឺការដូនៃថ្ងៃបុណ្យណូអ៊ែលសម្រាប់ពលរដ្ឋនៅតំបន់អឺរ៉ុប។

គួរកត់សម្គាល់ថា វិធានការ “កូវីដសូន្យ” របស់រដ្ឋាភិបាលចិ​នគឺជាការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ពោលគឺមានន័យថាជាការទប់ស្កាត់មិនឲ្យមានការរាតត្បាតជំងឺជំងឺកូវីដ-១៩ក្នុងកម្រិតសូន្យតែម្តង។ នៅក្នុងការអនុវត្តវិធានការនេះគឺពលរដ្ឋចិនត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ក ឬហាមមិនឲ្យចេញក្រៅផ្ទះជាញឹកញាប់ ខណៈសាលារៀន ក្រុមហ៊ុន និងសកម្មភាពអាជីវកម្មផ្សេងៗត្រូវបិទទ្វារនិងផ្អាកដំណើរជាញឹកញាប់ផងដែរ។

សូមបញ្ជាក់ជូនផងដែរថា ទូរស័ព្ទ iPhone គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Apple តែនៅក្នុងការផលិតចេញជាទូរស័ព្ទគឺក្រុមហ៊ុន Apple បានទិញឧបករណ៍អេឡិចត្រូនិចដែលជាគ្រឿងបង្គំផ្សេងៗរបស់ទូរស័ព្ទពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនៅជុំវិញពិភពលោក ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចិនតែ​ម្តង ហើយក្រុមហ៊ុន Apple ក៏មានរោងចក្រដំឡើងទូរស័ព្ទ iPhone ជាច្រើនកន្លែងនៅក្នុងប្រទេសចិនផងដែរ។

ដូចនេះហើយទើបភាពកកស្ទះនៅក្នុងវិស័យឧស្សាហកម្ម និងការដឹកជញ្ជូននៅក្នុងប្រទេសចិនបានធ្វើឲ្យប៉ះពាល់ដល់ចង្វាក់នៃការផ្គត់ផ្គង់ទូរស័ព្ទ iPhone នៅលើទីផ្សារពិភពលោក។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមហ៊ុន Apple ក៏បានជំរុញការផលិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា និងសម្រេចបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសវៀតណាមផងដែរ តែយ៉ាងណាក្តីចំណាត់ការទាំងនេះនៅតែមិនអាចជួយឲ្យក្រុមហ៊ុន Apple អាចទទួលបានចំនួនទូរស័ព្ទ iPhone 14 Pro និង iPhone 14 Pro Max គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការជាក់ស្តែងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: