អគ្គិភ័យនៅរោងចក្រមួយនៅក្នុងប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន ៣៨នាក់ ខណៈមនុស្ស ២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ
អគ្គិភ័យនៅរោងចក្រមួយនៅភាគកណ្តាលប្រទេសចិន បានសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃចន្ទ ដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧប្បត្តិហេតុឧស្សាហកម្មធំៗ ដែលបានវាយប្រហារប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាសែតរដ្ឋ Henan Daily បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្ស ២នាក់ ដែលបានបាត់ខ្លួនត្រូវបានគេរកឃើញថាបានស្លាប់ ក្រោយមានអគ្គិភ័យនៅរោងចក្រនៅ Anyang ខេត្ត Henan ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៨ នាក់។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្ស ២នាក់ផ្សេងទៀត កំពុងត្រូវបានព្យាបាលរបួសស្រាល។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងការឆាបឆេះ ដែលបានចំណាយពេលជិត ៧ម៉ោង ដើម្បីពន្លត់វា។ បើយោងតាមការរកឃើញបឋម អគ្គីភ័យនេះគឺបណ្តាលមកពីបញ្ហាអគ្គីសនី ប៉ុន្តែការសើបអង្កេតនឹងនៅតែបន្ដ។ ជម្រាបដែរថា ប្រទេសចិនបានឃើញឧបទ្ទវហេតុឧស្សាហកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យមនុស្សស្លាប់ជាច្រើននាក់ និងបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០១៥ មនុស្សយ៉ាងហោចណាស់ ១៧៣ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៅឯឃ្លាំងផ្ទុកសារធាតុគីមីក្នុងទីក្រុងកំពង់ផែ Tianjin ភាគខាងជើងរបស់ប្រទេស៕


អត្ថបទ៖ លីដា
ប្រភព៖ CNN