អន្តរជាតិ

ប៉ូលីសថៃបានឃាត់ខ្លួនមនុស្សជាង៦០០នាក់ ពាក់ព័ន្ធនឹងការចាក់ភ្នាល់ការប្រកួតបាល់ទាត់ FIFA World Cup 2022

BY
Khmernote Media
November 24, 2022

យោងតាមសារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ប៉ូលីសថៃបាននិយាយថា មនុស្សចំនួន ៦៥៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ សម្រាប់ការលេងល្បែងស៊ីសងពាក់ព័ន្ធនឹងលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ឯក Phanurat Lakboon បាននិយាយថា ជនសង្ស័យចំនួន ៤៥៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតែមួយ នៅក្នុងការបង្រ្កាបល្បែងស៊ីសងបាល់ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិត។

ក្នុងនោះអ្នកបើកភ្នាល់ចំនួន ៣ នាក់ អ្នកភ្នាល់ចំនួន ៤០៤ នាក់ និងអ្នកទទួលភ្នាល់ចំនួន ៤ នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងក្រៅបណ្តាញ ខណៈដែលអ្នកបើកភ្នាល់ ១ នាក់ និងអ្នកភ្នាល់ចំនួន ៤២ នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងស៊ីសងតាមអនឡាញ។ លោក​ Phanurat បាន​បន្ថែម​ថា ប៉ូលិស​បាន​ចាប់​ផ្តើម​បង្ក្រាប​ការ​ភ្នាល់​លើ​ការ​ប្រកួត World Cup តាំង​ពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ។

ក្នុងរយៈពេល ៤ ថ្ងៃនេះ មានអ្នកបើកភ្នាល់សរុបចំនួន ៩នាក់ អ្នកភ្នាល់ចំនួន ៥៨៧ នាក់ និងអ្នកទទួលការភ្នាល់ចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនពីបទលេងល្បែងក្រៅបណ្តាញ ខណៈដែលការបង្ក្រាបលើល្បែងភ្នាល់តាមអ៊ីនធឺណែត បាននាំឱ្យមានការចាប់ខ្លួនលើអ្នកបើកភ្នាល់ចំនួន ២ នាក់ និងអ្នកភ្នាល់ចំនួន ៦៧ នាក់។ លោក Phanurat និយាយថា រហូតមកដល់ពេលនេះ ប៉ូលីសបានរឹបអូសសំបុត្រភ្នាល់ចំនួន ៧២៩ សន្លឹក ដែលមានតម្លៃភ្នាល់ ១៥១ ៨២០ បាត (ជាង៤២០០ដុល្លារ) និងសាច់ប្រាក់ ៣៩ ២៤០ (ជាង១០០០ដុល្លារ)៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: