អន្តរជាតិ

ទាំងនេះជាហេតុផលដែលអ្នកគាំទ្រជប៉ុនតែងតែនាំគ្នាប្រមូលសំរាម ក្រោយពេលទស្សនាការប្រកួតបាល់ទាត់រួច

BY
Khmernote Media
November 28, 2022

សកម្មភាពរបស់ពលរដ្ឋជប៉ុនដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសជប៉ុននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២​ នៅក្នុងប្រទេសកាតា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មាននៅជុំវិញពិភពលោក ដ្បិតពួកគេតែងនាំគ្នាប្រមូលសំរាមដើម្បីសម្អាតកីឡដ្ឋានបាល់ទាត់ក្រោយពួកគេបានទស្សនាការប្រកួតបាល់ទាត់រួច។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺសកម្មភាពនេះតែងកើតមានឡើងមិនថាក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសជប៉ុនបានទទួលជ័យជំនះឬចាញ់នៅក្នុងការប្រកួតនោះទេ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Unilad បានបញ្ជាក់ថា សកម្មភាពដ៏គួរឲ្យគោរពរបស់ក្រុមពលរដ្ឋជប៉ុនទាំងអស់នេះគឺបានកើតឡើងក្រោមហេតុផលមួយចំនួ​នដែលជាផ្នត់គំនិតផ្ទាល់របស់ពលរដ្ឋជប៉ុន។ អ្នកគាំទ្រជប៉ុនម្នាក់បាននិយាយថា៖ ការរក្សាអនាម័យសាធារណៈឲ្យស្អាតគឺជាមេរៀនដ៏សំខាន់មួយ ដែលឪពុកម្តាយនិងប្រព័ន្ធអប់រំនៅក្នុងប្រទេសជប៉ុនបានបង្រៀនមកពួកយើងតាំងពីពួកយើងនៅក្មេងម្លេះ។

អ្នកគាំទ្រម្នាក់ទៀតបានរៀបរាប់ថា៖ នៅពេលដែលមានជនជាតិជប៉ុនណាម្នាក់កាន់ថង់ប្លាស្ទិកចូលមកក្នុងកីឡដ្ឋានគឺយើងមានអារម្មណ៍ភ្លាមថា ការសម្អាតថង់បា្លស្ទិកនោះគឺជាកាតព្វកិច្ចរបស់ពួកយើងគ្រប់គ្នា ព្រោះភាពកខ្វក់នៅកន្លែងដែលពួកយើងអង្គុយគឺប៉ះពាល់ដល់កិត្តិយសនៃប្រជាជននិងប្រទេសជប៉ុនទាំង​មូលផងដែរ។ អ្នកគ្រាំទ្រម្នាក់ផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍ថា៖ បេះដូងរបស់ពួកយើងគឺស្អាតស្អំ ដូចនេះកន្លែងអង្គុយរបស់ពួកយើងក៏ត្រូវតែស្អាតជានិច្ចដែរ ហើយភាពស្អាតស្អំគឺជាធម្មជាតិ​និងជាភាពប្រាកដនិយមរបស់ពលរដ្ឋជប៉ុនគ្រប់រូបផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Unilad

 

Share This Post: