ប្រទេសអ៉ីតាលីបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ក្រោយការបាក់ដីដ៏អាក្រក់នៅកោះ Ischia
- November 28, 2022
ប្រទេសអ៉ីតាលីបានប្រកាសដាក់ភាពអាសន្ននៅលើកោះ Ischia ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា បន្ទាប់ពីការរអិលបាក់ដីដ៏អាក្រក់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន នេះបើតាមអភិបាលក្រុង Naples លោក Claudio Palomba បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេវាសង្គ្រោះបន្ទាន់បាននិយាយថា រលកភក់ និងកំទេចកំទី បានវាយលុកពេញទីក្រុងតូចមួយនៃទីប្រជុំជន Casamicciola Terme កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានលេបត្របាក់ផ្ទះមួយខ្នង និងរថយន្តជាច្រើនគ្រឿងចុះទៅសមុទ្រ។
រដ្ឋមន្ត្រីការពារជនស៊ីវិលលោក Nello Musumeci បាននិយាយថា ថវិកាជំនួយដំបូងចំនួន ២ លានអឺរ៉ូ (២ លានដុល្លារអាមេរិក) ត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ ដែលបានសម្រេចការប្រកាសភាពអាសន្ននេះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍មុននេះថា សាកសព ៤នាក់ ត្រូវបានរកឃើញនៅរសៀលថ្ងៃអាទិត្យ ហើយអ្នកជួយសង្គ្រោះជាង ២០០ នាក់ នៅតែកំពុងស្វែងរកអ្នកបាត់ខ្លួន ខណៈដែលអ្នកស្ម័គ្រចិត្តរាប់រយនាក់ ក៏កំពុងមមាញឹកសម្អាតផ្លូវក្នុងទីក្រុង។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយភ្លៀង និងខ្យល់បក់ខ្លាំង ដែលបានពន្យាពេលសាឡាងដែលនាំយកឧបករណ៍សង្គ្រោះពីដីគោក៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: