អន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញមេរោគ Zombie កកក្នុងផ្ទាំងទឹកកមានអាយុកាលជិត៥ម៉ឺនឆ្នាំមុន ដែលអាចបង្កគ្រោះថ្នាក់ចំពោះមនុស្សជាតិ

BY
Khmernote Media
November 30, 2022

កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តមួយក្រុមបានព្រមានថា ការប្រែប្រួលអាកាសធាតុអាចនឹងធ្វើឲ្យមេរោគដ៏កាចសាហាវមួយគឺមេរោគ Zombie រស់ឡើងវិញ និងអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះមនុស្សជាតិផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NDTV នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះ។ ការអះអាងដូចនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសរុស្ស៊ី អាឡឺម៉ង់ និងបារាំង ដែលជាក្រុមអ្នកជំនាញផ្នែកហានិភ័យផ្នែកជីវសាស្ត្រ ហើយក្នុងនោះក៏មានអ្នកវិទ្យាសាស្រ្តមួយចំនួនគឺក្រុមការងារដែលធ្លាប់បានយកមេរោគ Zombie ទៅកប់ចោលនៅក្រោមបឹងទឹកកកមួយកន្លែងនៅក្នុងតំបន់ Siberia នៃប្រទេសរុស្ស៊ីផងដែរ។

ប្រភពខាងលើបានបន្តថា មេរោគ Zombie ដែលក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានយកទៅកប់ចោលនោះមានអាយុកាលជាង ៤៨ ៥០០ឆ្នាំមុន ហើយបើទោះជាមេរោគប្រភេទនេះមានអាយុច្រើនយ៉ាងនេះក៏ដោយតែវានៅតែអាចមានលទ្ធភាពអាចរស់ឡើងវិញផងដែរ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា មេរោគ Zombie អាចរស់ឡើងវិញនៅក្នុងលក្ខខណ្ឌដែលអាកាសធាតុបានឡើងកម្តៅខ្លាំង ពោលគឺឡើងដល់កម្រិតដែលអាចធ្វើឲ្យដុំទឹកនៅតាមតំបន់ភ្នំទឹកកកអាចរលាយបាន ហើយពេលនោះមេរោគអាចនឹងចាប់ផ្តើមរស់ឡើងវិញតែម្តង។ ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តថា បើយោងតាមស្ថានភាពបរិយាកាសនាពេលបច្ចុប្បន្ននេះគឺលទ្ធភាពនៃរស់ឡើងវិញរបស់មេរោគ Zombie មានខ្ពស់ខ្លាំងណាស់​ ដ្បិតអាកាសធាតុនៅជុំវិញពិភពបានផ្តើមកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះទេ៕

អត្ថបទ៖​ ភក្តី

ប្រភព៖  NDTV

 

Share This Post: