ហេតុការណ៍បាក់ដីនៅកូឡុំប៊ីបានផ្តាច់យកជីវិតពលរដ្ឋជាង ៣០នាក់
- BY
- Pheakdey
- December 6, 2022
កូឡុំប៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋកូឡុំប៊ីចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុកដីដ៏លឿនមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកូឡុំប៊ីបានបញ្ជាក់ថា ហេតុការណ៍អកុសលមួយនេះបានកើតឡើងនៅក្នុងតំបន់ភាគជើងនៃប្រទេសកូឡុំប៊ី ខណៈគ្រោះធម្មជាតិមួយនេះបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សភ្លាមៗហើយ ហេតុការណ៍បាក់ដីនេះក៏បានបង្កឲ្យមានអ្នករងរបួសចំនួន ៩នាក់ផងដែរ និងមានរថយន្តក្រុងមួយគ្រឿងត្រូវបានកប់ជាប់នៅក្រោមដី។ គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ ២០២២នេះ ប្រទេសកូឡុំប៊ីបានប្រឈមនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយបើគិតចាប់តាំងពីដើមឆ្នាំមកគឺគ្រោះធម្មជាតិដែលមានដូចជា ព្យុះ ជំនន់ទឹកភ្លៀង និងបាក់ដី បានសម្លាប់ពលរដ្ឋកូឡុំប៊ីអស់ចំនួន ២១៦នាក់ បាត់ខ្លួនចំនួន ៤៨នាក់ និងពលរដ្ឋប្រមាណជា ៥៣០ ០០០ផ្សេងទៀតត្រូវបាត់បង់ផ្ទះសម្បែង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






