ស្ត្រីម្នាក់បានប្រសូតកូនប្រុសមួយ ទាំងដែលខ្លួនដេកសន្លប់លើគ្រែ ១០ឆ្នាំមកហើយ ប៉ូលីសសន្និដ្ឋានថា «ជាករណីរំលោភ»
មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ចុងឆ្នាំ២០១៨ នៅក្នុងមណ្ឌលថែរក្សារយៈពេលយូរមួយ ដោយស្ត្រីម្នាក់ដែលកំុពុងស្ថិតក្នុងស្ថានភាពសន្លប់ (coma) យ៉ាងហោចណាស់ ១០ឆ្នាំ បាមកហើយនោះ បានផ្តល់នូវកំណើតកូនប្រុសមួយ។ បើយោងតាមកាសែត The Guardian បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ វាហាក់ដូចជាអ្នកថែទាំជំងឺមិនបានដឹងអំពីការមានផ្ទៃពោះរបស់ស្ត្រីនោះទេ រហូតដល់គាត់ចាប់ផ្តើមសំរាលកូន។
យ៉ាងណាមិញទារកដែលទើបនឹងកើតរបស់ស្ត្រីរងគ្រោះ ហាក់ដូចជាពិបាកដង្ហើមនៅពេលដែលមន្ត្រីប៉ូលីសបានទៅពិនិត្យក្នុងមន្ទីរពេទ្យ។ ហើយបើយោងតាមកាសែត Daily Mail បានឱ្យដឹងថា ទារកទើបនឹងកើតនេះស្ថិតក្នុងស្ថានភាពទន់ខ្សោយ និងជិតស្លាប់បន្ទាប់ពីកើតរួច។ ទោះជាយ៉ាងណាក៏ដោយទាំងម្តាយ និងកូនពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះដែរក្រុមគ្រួសាររបស់ស្ត្រីនេះបានសម្តែងការខឹងសម្បារចំពោះឧបទ្ទវហេតុនេះដោយនិយាយថា ម្តាយ និងកូនប្រុសគឺនឹងមានការតក់ស្លុតយ៉ាងខ្លាំងដោយសារការរំលោភបំពាននេះ ហើយវាគឺការធ្វេសប្រហែសដែលបានកើតឡើងនៅក្នុងមន្ទីរថែរក្សាមួយនេះ។
ចំពោះទារកដែលទើបនឹងកើតនេះ គ្រួសាររបស់គាត់នឹងទទួលយកទៅមើលថែដោយផ្ទាល់។ ហើយបើយោងតាមប្រភពព័ត៌មានរបស់ BBC News បានរាយការណ៍ថា ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតរឿងនេះ ហើយចោទថារឿងនេះគឺជាករណីរំលោភបំពានផ្លូវភេទ ព្រោះថា វាមិនអាចនោះទេដែលមនុស្សដេកសន្លប់នៅនឹងគ្រែ ១០ឆ្នាំ ទៅហើយអាចមានកូនដោយគ្មានអ្នកបៀតបៀនលើគាត់។ យ៉ាងណាមិញពេលនេះប៉ូលីសក៏កំពុងធ្វើការប្រមូលតេស្ត DNA ពីបុគ្គលិកប្រុសទាំងអស់នៅក្នុងមន្ទីរថែរក្សានេះដើម្បីស៊ើបអង្កេតផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz