ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីកម្ពុជាម្នាក់ត្រូវក្រុមម៉ាហ្វីយ៉ាប៉ូឡូញចាប់បង្ខាំងខ្លួនធ្វើទារុណកម្ម បណ្ដាលឱ្យរងរបួសយ៉ាងដំណំនៅប្រទេសថៃ

    BY Khmernote Media December 13, 2022
    ស្ត្រីកម្ពុជាម្នាក់ត្រូវក្រុមម៉ាហ្វីយ៉ាប៉ូឡូញចាប់បង្ខាំងខ្លួនធ្វើទារុណកម្ម បណ្ដាលឱ្យរងរបួសយ៉ាងដំណំនៅប្រទេសថៃ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nation TV បានរាយការណ៍ថា ប៉ូលីសស្រុក Bang Lamung នៅក្នុងខេត្តឈុនបុរី របស់ប្រទេសថៃ កំពុងតាមចាប់ខ្លួនជនជាតិប៉ូឡូញចំនួន ២នាក់ បន្ទាប់ពីកាលពីពេលថ្មីៗនេះ ពួកគេបានបោកបញ្ឆោតស្ត្រីកម្ពុជាម្នាក់ ឱ្យទៅគូររូបរបស់ពួកគេនៅឯទីក្រុងប៉ាតាយ៉ា។ ក្រោយមកពួកម៉ាហ្វីយ៉ាទាំង ២នាក់ ក៏បានចាក់សោរបង្ខាំងគាត់ ហើយបានធ្វើទារុណកម្មយ៉ាងសាហាវ ដែលបណ្តាលឱ្យគាត់មាន​ស្នាម​របួស​ពេញ​ខ្លួនជាង ២៦០​ថ្នេរ និងមានទាំងការជះទឹកអាស៉ីតទៀតផង។ ជនល្មើសត្រូវបានគេជឿថា បានរត់គេចខ្លួនទៅប្រទេសហ្វីលីពីន ខណៈប៉ូលីសថៃកំពុងចេញដីកាតាមចាប់ខ្លួនពួកគេ។

    ជនរងគ្រោះជាស្រ្តីកម្ពុជាមានឈ្មោះថា Srerot Nee (នី ស្រីរ័ត្ន) មានអាយុ ៣០ឆ្នាំ ហើយឥឡូវនេះ គាត់កំពុងពឹងពាក់ឱ្យមេធាវីរបស់គាត់ឈ្មោះថា Sitra Biabangkerd ជួយទាមទាររកយុត្តិធម៌ឱ្យគាត់។ គេនៅមិនទាន់មានការអធិប្បាយឱ្យបានក្បោះក្បាយ ចំពោះមូលហេតុដែលធ្វើឱ្យពួកម៉ាហ្វីយ៉ាប៉ូឡូញទាំងនោះ ធ្វើទារុណកម្មលើជនរងគ្រោះនោះទេ ប៉ុន្តែជនរងគ្រោះបាននិយាយថា ពួកគេមានទំនាស់ជាមួយប្ដីរបស់គាត់។ ក្រោយពីមានការធ្វើទារុណកម្មលើរូបគាត់ហើយនោះ ពួកវាថែមទាំគំរាមរូបគាត់ និងក្រុមគ្រួសាររបស់គាត់ដែលនៅកម្ពុជាទៀតផង។

    បើតាមដីកាតាមចាប់ខ្លួនរបស់ប៉ូលីសថៃ ម៉ាហ្វីយ៉ាប៉ូឡូញទាំង ២ មានឈ្មោះថា DANIEL MAJEWSKI និង MATEUSZ PIOTR KRYNICK ពួកគេមានអាយុខ្ទង់ ៣៥ ទៅ ៤០ឆ្នាំ និងត្រូវបានចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ធ្វើ​បាប​អ្នក​ដទៃដោយ​ការគ្រោងទុក​ រហូត​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​រងរបួស​ធ្ងន់ធ្ងរ​ និងបង្ខាំងខ្លួន ឬធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ដល់សេរីភាពរាងកាយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nation TV

    Share This Post: