អន្តរជាតិ

មនុស្ស ៨នាក់បានបាត់បង់ជីវិត និង៧នាក់កំពុងរងរបួសធ្ងន់ក្នុងហេតុការណ៍បាក់ស្រុតដីដ៏ឆាប់រហ័សមួយនៅម៉ាឡេស៊ី

BY
Pheakdey
December 16, 2022

ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Genting Highlands ក្នុងរដ្ឋ Selangor ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ខណៈគ្រោះធម្មជាតិមួយនេះបានកើតឡើងក្រោយតំបន់កើតហេតុបានទទួលរងនូវសម្ពាធទឹកភ្លៀងយ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុក្រុមអ្នកជួយសង្គ្រោះបានរកឃើញពលរដ្ឋចំនួន ៦០នាក់ ដែលមានសុវត្ថិភាពជាធម្មតា ខណៈពលរដ្ឋចំនួន ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះប្រតិបត្តិការស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដ្បិតគេសង្ស័យថាអាចនៅមានជនរងគ្រោះមួយចំនួនទៀតកំពុងជាប់នៅក្នុងគំនរបាក់បែក។ គួររម្លឹកជូនថា ហេតុការណ៍បាក់ស្រុតដីក៏ធ្លាប់កើតមាននៅកន្លែងកើតហេតុខាងលើម្តងដែរកាលពីឆ្នាំមុន ខណៈពេលនោះហេតុការណ៍បាក់ស្រុតដីបានបង្ខំឲ្យពលរដ្ឋប្រមាណជា ២១,០០០នាក់ត្រូវធ្វើការផ្លាស់ប្តូរទីលំនៅជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: