សភាអាមេរិកកំពុងរៀបចំសំណើហាមឃាត់ការប្រើប្រាស់ TikTok នៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល
- BY
- Pheakdey
- December 20, 2022
អាមេរិក៖ សភាអាមេរិកបានរៀបចំសំណើថ្មីមួយស្តីពីការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok ដែលជាកម្មវិធីចែករំលែកវីដេអូកំពុងមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូនេះបានបញ្ជាក់ថា នៅក្នុងសំណើររបស់សភាអាមេរិកនោះគឺរដ្ឋាភិបាលអាមេរិកគ្រោងនឹងហាមឃាត់មិនឲ្យបុគ្គលិករដ្ឋាភិបាលប្រើប្រាស់កម្មវិធី TikTok តាមរយៈឧបករណ៍បច្ចេកវិទ្យាផ្សេងៗដែលគ្រប់គ្រង់ដោយរដ្ឋាភិបាលអាមេរិកនោះទេ។

ប្រភពខាងលើបានបន្តថា ការអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយហេតុផលថា រដ្ឋាភិបាលអាមេរិកចង់ការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ពីការលួចតាមដានតាមរយៈកម្មវិធី TikTok។ គួរកត់សម្គាល់ថា TikTok គឺជាកម្មវិធីបណ្តញសង្គមរបស់ចិន ហើយនាពេលកន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ថា TikTok បានលួចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅរដ្ឋាភិបាលចិន។ សូមបញ្ជាក់ជូនផងដែរថា អាមេរិកមិនមែនធ្វើការហាមឃាត់តែកម្មវិធី TikTok នោះទេ ដ្បិតកាលពីពេលថ្មីៗនេះមានក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើនមានទាំងក្រុមហ៊ុនផលិតនិងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពផង ដែលត្រូវបានរដ្ឋាភិបាលអាមេរិកធ្វើការហាមឃាត់ក្រោមហេតុផលដូចគ្នានេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






