ក្បួនដង្ហែពាន World Cup របស់អាហ្សង់ទីន ត្រូវបានលុបចោល ក្រោយមនុស្សរាប់លាននាក់សម្រុកចូលរួម
(អន្តរជាតិ)៖ ក្បួនដង្ហែពានរបស់ប្រទេសអាហ្សង់ទីន ដើម្បីអបអរសាទរម្ចាស់ជើងឯក World Cup ត្រូវបានរំខាន ខណៈដែលមនុស្សរាប់លាននាក់បានចូលរួមនៅតាមគ្រប់ច្រកល្ហក និងនៅតាមដងផ្លូវ ដើម្បីទស្សនាក្រុមជម្រើសជាតិហែក្បួនពាន World cup នៅតាមឡានក្រុង។ អ្នកគាំទ្រមួយចំនួនធំបានពពាក់ពពូនគ្នាតាមដងផ្លូវនៃរដ្ឋធានីអាហ្សង់ទីន ដោយបង្ខំឱ្យកីឡាករបោះបង់ការដង្ហែក្បួនរថយន្តក្រុង។ ផ្ទុយទៅវិញ ពួកគេបានឡើងឧទ្ធម្ភាគចក្រ ហើយធ្វើព្យុហយាត្រានៅលើអាកាសវិញ។

ក្បួនដង្ហែពាន World Cup មិនអាចទៅដល់វិមាន Obelisco ដើម្បីអបអរ ដូចដែលបានគ្រោងទុកនោះទេ ដោយសារតែផ្លូវនេះត្រូវបានបិទទាំងស្រុងដោយហ្វូងមនុស្សយ៉ាងច្រើន ដែលតាមការប៉ាន់ស្មានដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានអ្នកគាំទ្រជាង៤លាននាក់បានចូលរួម។ អ្នកគាំទ្រមួយចំនួនបានបន្តអបអរនៅតាមដងផ្លូវ ខណៈដែលអ្នកផ្សេងទៀតបានចាកចេញពីទីក្រុង Buenos Aires ដោយខកចិត្តដោយត្អូញត្អែរថា ពួកគេមិនអាចបង្ហាញពីក្តីស្រលាញ់របស់ពួកគេចំពោះក្រុមដែលបានដណ្ដើមពានរង្វាន់ជើងឯកពិភពលោកជាលើកដំបូងសម្រាប់ប្រទេសចាប់តាំងពីឆ្នាំ១៩៨៦មក៕


ប្រភព៖ reuters