ឥណ្ឌូណេស៊ីក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលមានច្បាប់ហាមឃាត់កុមារអាយុក្រោយ ១៦ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម
ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមអនុវត្តច្បាប់រឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមនៅក្នុងចំណោមពលរដ្ឋវ័យក្មេងជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែមីនា។ នៅក្នុងការអនុវត្តច្បាប់ថ្មីនេះគឺអាជ្ញាធរឥណ្ឌូណេស៊ីនឹងហាមឃាត់កុមារដែលមានអាយុក្រោម ១៦ មិនឱ្យមានគណនីផ្ទាល់ខ្លួនសម្រាប់ចូលប្រើប្រាស់វេទិការឌីជីថលផ្សេងៗនៅលើបណ្តាញអ៊ីធឺណិតនោះទេ។

វេទិការឌីជីថលដែលស្ថិតនៅក្នុងការហាមឃាត់នោះមានដូចជា បណ្តាញសង្គម YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live និង Roblox ជាដើម។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការអនុវត្តច្បាប់ដ៏តឹងរឹងនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងការពារកុមារពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការញៀនទៅនឹងការប្រើប្រាស់បណ្តាញសង្គម និងការប្រឈមទៅនឹងរូបភាពឬវីដេអូបែបអាសអាភាសជាដើម។ សូមបញ្ជាក់ជូនថា ឥណ្ឌូណេស៊ីគឺជាប្រទេសដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានច្បាប់ហាមឃាត់កុមារអាយុក្រោយ ១៦ឆ្នាំមិនឱ្យចូលប្រើប្រាស់វេទិការឌីជីថលដ៏តឹងរឹងនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia