បាក់ស្រុតអណ្តូងរ៉ែធ្យូងថ្មស្លាប់ ២១នាក់ នៅប្រទេសចិន
ចិន៖ ក្រុមកម្មករអណ្តូងរ៉ែ ២១នាក់ ត្រូវបានគេអះអាងថាបានស្លាប់ហើយ បន្ទាប់ពីគ្រោះថ្នាក់បាក់ស្រុតអណ្តូងរ៉ែធ្យូងថ្មមួយបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅភាគខាងជើងនៃខេត្ត Shaanxi របស់ប្រទេសចិន។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កម្មករអណ្តូងរ៉ែទាំងអស់ត្រូវបានរកឃើញស្លាប់ ខណៈមានកម្មកររ៉ែចំនួន ៨៧នាក់ កំពុងធ្វើការនៅពេលដែលមានឧប្បត្តិហេតុរលំអណ្តូងធ្យូងថ្ម Lijiagou នៃក្រុមហ៊ុន Baiji Mining Co. , Ltd. នៅទីក្រុង Shenmu នៅម៉ោងប្រហែល ៤ និង ៣០នាទីល្ងាច។
បន្ទាប់ពីគ្រោះថ្នាក់នេះកម្មកររ៉ែចំនួន ៦៦នាក់ ត្រូវបានសង្គ្រោះពីក្រោមដីទៅកាន់កន្លែងសុវត្ថិភាព ហើយចំណែក ២១នាក់ផ្សេងទៀតជាប់គាំងគឺស្លាប់អស់ទៅហើយ។ យ៉ាងណាមិញការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងត្រូវបានប៉ូលីសស្រាវជ្រាវបន្ត។ គួរឱ្យដឹងផងដែរថា ប្រទេសចិនគឺជាប្រទេសដែលងាយរងគ្រោះថា្នកដោយសារបាក់ស្រុតដីអណ្តូងរ៉ែណាស់ ទោះបីជាមានការអះអាងថា ពួកគេបានកំពុងព្យាយាមឱ្យមានការកាត់បន្ថយគ្រោះថ្នាក់ក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ cgtn