ពិសកម្ចាត់ពិស! ក្រុមគ្រូពេទ្យបញ្ចូលស្រាបៀរ ១៥កំប៉ុង ទៅក្នុងពោះវៀនបុរសម្នាក់ ដើម្បីសង្គ្រោះពីការពុលស្រា
វៀតណាម៖ ក្រុមវេជ្ជបណ្ឌិតត្រូវសម្រេចចិត្តបញ្ចូលស្រាបៀរ ១៥កំប៉ុង ចូលក្នុងពោះវៀនរបស់បុរសម្នាក់ដើម្បីការពារគាត់ពីការពុលស្រា។ បុរសនោះមានឈ្មោះថា Nguyen Van Nhat វ័យ ៤៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ Quang Tri ដោយក្នុងស្ថានភាពធ្ងន់ធ្ងរ និងសន្លប់បន្ទាប់ពីទទួលទានច្រើនពេកនៅថ្ងៃណូអែល។ ដើម្បីជួយសង្រ្គោះគាត់វេជ្ជបណ្ឌិតត្រូវចាក់បញ្ចូលស្រាបៀរម្តងហើយម្តងទៀត បន្ទាប់ពីពួកគេបានចាក់បញ្ចូលស្រាបៀរ ១៥កំប៉ុង អស់រយៈពេល ៥ម៉ោង គាត់ក៏បានជាសះស្បើយបន្តិចម្តងៗ។
គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជាតិពុលមេតាណុល ហើយក្រុមគ្រូពេទ្យពន្យល់ថា ជាតិអាល់កុលមានផ្ទុកអេទីល និងមេទីល នៅពេលដែលវាចូលរាងកាយថ្លើមនឹងផ្តល់អាទិភាពដល់ការរំលាយរបស់អេទីល ខណៈពេលដែលអេទីលត្រូវបានបម្លែងទៅជាសារធាតុគីមីដែលគ្មានជាតិពុល។ យ៉ាងណាក៏ដោយមេទីលដែលបានរំលាយអាហារនេះ គឺអាចមានគ្រោះថ្នាក់ដល់ស្លាប់ប្រសិនបើវាត្រូវបានគេប្រើប្រាស់កម្រិតខ្ពស់។
ម្យ៉ាងវិញទៀតប្រសិនបើមេទីលមិនបានរំលាយអាហាររយៈពេលយូរនោះ វានឹងត្រូវបានបញ្ចេញតាមទឹកនោម ដែលជាដំណើរការមួយដែលចាំបាច់ក្នុងការជួយអ្នកជំងឺ។ ដូច្នេះហើយទើបគ្រូពេទ្យបញ្ចូលស្រាបៀរម្តងហើយម្តងទៀត ដែលជាតិស្រវឹងអេទីលនឹងបន្ថយការរំលាយអាហាររបស់មេទីលនៅក្នុងខ្លួនរបស់គាត់។ កាលពីថ្ងៃពុធ Nguyen Van Nhat ត្រូវបានយកចេញពីមន្ទីរពេទ្យ បន្ទាប់ពីការជាសះស្បើយឡើងវិញពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider